(ប្រទេសស្លូវេនី)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី ដើម្បីលើកទឹកចិត្តឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលហ្សកហ្ស៊ីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម(CCM) រួចហើយ។
ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន និងបានលើកឡើងពីអត្ថប្រយោជន៍នៃការចូលរួមជាមួយអនុសញ្ញាអូតាវ៉ា ព្រមទាំងបានថ្លែងអំណរគុណចំពោះគាំទ្រ របស់ហ្សកហ្ស៊ី មកលើអនុសញ្ញានេះរយៈពេលជាច្រើនឆ្នាំ ជាពិសេសការបោះឆ្នោតជាប់លាប់ក្នុងការគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា។
ជាមួយគ្នានោះ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជំរុញឱ្យប្រទេសហ្សកហ្ស៊ីពិចារណាការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានអញ្ជើញគណៈប្រតិភូប្រទេសហ្សកហ្ស៊ីឱ្យចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ជាងនេះទៅទៀត ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើសុំឱ្យហ្សកហ្ស៊ីបន្តចូលរួមក្នុងសកម្មភាពសំខាន់ៗមួយចំនួនមុនពេលចូលជារដ្ឋភាគី រួមមាន៖ ការចូលរួមសកម្មភាពមីនមនុស្សធម៌ បន្តគាំទ្រអនុសញ្ញាតាមរយៈការបោះឆ្នោត ការចូលរួមក្នុងព្រឹត្តិការណ៍សន្និបាត និងការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត។
ជាការឆ្លើយតប លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី បានកោតសរសើរចំពោះភាពដឹកនាំជាប្រធានរបស់កម្ពុជា និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។ ចំពោះករណីស្នើសុំឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ី បានទទួលស្គាល់ និងពាំនាំសំណើនេះទៅកាន់រដ្ឋាភិបាលនៃប្រទេសហ្សកហ្ស៊ី ដើម្បីពិនិត្យ និងពិចារណា។
ឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសង្ឃឹមសម្រាប់ការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលហ្សកហ្ស៊ី ចំពោះសមាជិកភាពនៃអនុសញ្ញាអូតាវ៉ា និងបានស្នើឱ្យមានការទំនាក់ទំនងផ្លូវការ និងការអញ្ជើញផ្លូវការមកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួន និងរដ្ឋាភិបាលហ្សកហ្ស៊ី៕