(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយលោក Nagase Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា (Minister/Deputy Chief of Mission,EOJ) ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ លោក-លោកស្រី តំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។
ជំនួបពិភាក្សានេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីសិក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេស និងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ភស្តុភារកម្មកម្ពុជា ការងារដែលកំពុងអនុវត្តពាក់ព័ន្ធលើការដឹកជញ្ជូនផ្លូវដែក កំពង់ផែ គម្រោងពង្រីក និងកែលម្អកំណាត់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា ការប្រមូលធាតុចូល និងការគាំទ្រផងដែរ។
ជាមួយគ្នានេះភាគីជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសារៈសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការងារវិស័យដឹកជញ្ជូនផ្លូវដែក ភស្តុភារកម្មកម្ពុជា ក៏ដូចជាគម្រោងនានាផងដែរ ។
លោកស្រីរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួន និងបានស្នើទៅកាន់ភាគីជប៉ុនឱ្យបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសគាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការងារដឹកជញ្ជូនលើផ្លូវដែក ភស្តុភារកម្មកម្ពុជា និងដែលបានកំណត់ក្នុងផែនការមេគ្រប់ជ្រុងជ្រោយ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕