(វៀងច័ន្ទ)៖ សារព័ត៌មាន Vientiane Times បានរាយការណ៍នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលឡាវ កំពុងរៀបចំគំរោង បង្កើតទីក្រុងទំនើបៗជាច្រើន ក្រោមប្រព័ន្ធស្វ័យភាព ដោយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានដាក់បទបញ្ជាដល់ ក្រសួង និង ខេត្តទំាងអស់បង្កើតគណម្មាធិការ មួយដើម្បីសិក្សា និងរៀបចំគំរោងនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមការឱ្យដឹងពីរដ្ឋាភិបាលឡាវ ទីក្រុង និង ស្រុកទំាងអស់ នឹងត្រូវបំពេញគ្រប់លក្ខខណ្ឌតម្រូវ ពាក់ព័ន្ធនឹង ដង់ស៊ីតេប្រជាជន សេវាកម្ម និង សំណង់អាគាររដ្ឋ ជាមុនសិន មុននឹងទទួលបានគំរោង អភិវឌ្ឍន៍នេះ ខណៈបណ្ដាខេត្តទាំងអស់ ត្រូវបានគេរំពឹងថា បញ្ជូនឈ្មោះទីក្រុង ឬស្រុករបស់ខ្លួន ទៅកាន់រដ្ឋាភិបាលដើម្បីទទួលការពិនិត្យលើ ការបំពេញលក្ខខណ្ឌ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០១៦ ឬ នៅដើមឆ្នាំ២០១៧។
លោក Bounphak Sombandith អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលប្រចំាតំបន់ នៃក្រសួងមហាផ្ទៃឡាវ បានឱ្យដឹងថា ឈ្មោះទីក្រុងមួយដែលស្នើឡើង ត្រូវបានដាក់ជូនគណៈកម្មាធិការកណ្ដាល ដើម្បីត្រួតពិនិត្យ ហើយលោកសង្ឈឹមថា ទីក្រុងនេះនឹងត្រូវបានបង្កើតនៅឆ្នាំ ២០១៧។
អគ្គនាយករូបនេះបានបន្តថា ស្រុកសំខាន់ទំាងបួនក្នុងទីក្រុងវៀងច័ន្ទ រួមមានស្រុក Chanthabouly, Sikhottabong, Xaysettha និង ស្រុក Sisattanak, រួមទាំងស្រុក Pakxe នៃខេត្តChampassak , ស្រុក Kaysone Phomvihane ក្នុងខេត្តSavannakhet , និង ស្រុក Luang Prabang ស្ថិតក្នុង ខេត្ត Luang Prabang និង ស្រុក Thakhaek ក៏នឹងត្រូវបានបំពេញតាមលក្ខខណ្ឌតម្រូវផងដែរ។
គួរបញ្ជាក់ថា បើតាមគំរោងបង្កើតទីក្រុង ក្រោមប្រព័ន្ធស្វ័យភាពនេះ ទីក្រុង ឬស្រុកទំាងឡាយ ត្រូវតែមានចំនួនប្រជាជន ៦០,០០០ នាក់ ហើយមានដង់ស៊ីតេប្រជាជន ៩០០ នាក់ក្នុងមួយ គីឡូម៉ែត្រការេ។ ការបង្កើតឡើងនូវទីក្រុងថ្មីៗ ដែលមានស្វ័យភាព ឬការគ្រប់គ្រងដោយខ្លួនឯងនេះ គឺជាគោលដៅថ្មីរបស់រដ្ឋាភិបាលឡាវ ដើម្បីបង្កើតប្រសិទ្ធភាពនៃការគ្រង់គ្រងក្នុងប្រទេស និងជាពិសេស គឺការទាក់ទាញវិនិយោគិន មកធ្វើការអភិវឌ្ឍតំបន់ទាំងនោះ៕