(ភ្នំពេញ)៖ សិស្សស្រី២នាក់ បានជិះម៉ូតូ១គ្រឿងឌុបគ្នាឆ្លងផ្លូវ ហើយបានប៉ះគ្នាជាមួយម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យដួល ស្របពេលនោះក៏មានរថយន្តសណ្ដោងធុនធំ១គ្រឿង បើកបរក្នុងល្បឿនលឿនទៅដល់ក៏បានបុក និងកិនទាំងមនុស្ស និងម៉ូតូ បណ្ដាលឲ្យស្លាប់នៅក្រោមរថយន្តទាំង២នាក់តែម្ដង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខផ្សារកំបូល ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះម្នាក់ឈ្មោះ ញ៉ឹក សុភាស់បូទី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៧ រៀននៅសាលាអនុវិទ្យាល័យកំបូល មានស្រុកកំណើតនៅខេត្តស្វាយរៀង និងស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកម្នាក់ទៀតឈ្មោះ ចាប មរកត អាយុ១៤ឆ្នាំ រៀនថ្នាក់ជាមួយគ្នា មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។
រីឯរថយន្តដែលកិនមនុស្សស្លាប់ខាងលើ ម៉ាកហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំ 3A-2062 ហើយអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់បាន។ បន្ទាប់មកបាននាំយកទៅកាន់ប៉ុស្តិ៍កំបូលដែលស្ថិតនៅជិតនោះ។
នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IN-2280 ឌុបគ្នាឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានប៉ះគ្នាជាមួយម៉ូតូ មិនចាំម៉ាក១គ្រឿងទៀតបណ្ដាលឲ្យដួល ហើយស្របពេលនោះរថយន្តសណ្ដោងកងដឹកជញ្ជូន បើកបរលឿនក្នុងទិសដៅពីលិចទៅកើត ទៅដល់កិនទាំងមនុស្ស និងម៉ូតូបណ្ដាលឲ្យស្លាប់ទាំង២នាក់ក្រោមរថយន្តនោះតែម្ដង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់បាន។ បន្ទាប់មកបាននាំយកទៅកាន់ប៉ុស្តិ៍កំបូលដែលស្ថិតនៅជិតនោះ ដើម្បីប្រគល់ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ដោយឡែក សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យយ៉ាងពន់ពេក៕