(ភ្នំពេញ)៖ ករណីរថយន្ត២គ្រឿងបុកគ្នា ហើយឈានដល់ការបាញ់ប្រហារដែលបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ម្នាក់ទៀតរងរបួស (ជនជាតិចិន)។
មុនឈានដល់ហេតុការណ៍បាញ់ប្រហារនេះ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើយគេឃើញរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 (រថយន្ដខ្មាន់កាំភ្លើង) បើកមកបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168។
បន្ទាប់ពីបើកបំបុក និងស្ទាករថយន្ដជនរងគ្រោះហើយនោះ ខ្មាន់កាំភ្លើង៣នាក់ បានចុះពីរថយន្ដ Ford ហើយបើកការបាញ់រះជាច្រើនគ្រាប់មកលើរថយន្ដរបស់ជនរងគ្រោះ ដោយប្រើប្រាស់កាំភ្លើងវែង (សង្ស័យ AK)។
បើតាមសេចក្ដីរាយការណ៍, នៅក្នុងរថយន្ដរបស់ជនរងគ្រោះ មានមនុស្សជិះចំនួន៣នាក់ ក្នុងនោះអ្នកបើកបរជាជនជាតិខ្មែរ បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ ខណៈអ្នករួមដំណើរជិះផ្នែកខាងមុខ ជាជនជាតិចិនរងរបួសធ្ងន់កំពុងសង្គ្រោះ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ។
រហូតមកដល់រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយស្ថាប័នពាក់ព័ន្ធ កំពុងបើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង៕