(ព្រះសីហនុ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងកម្មករចំនួន២៥នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តកុងតឺន័រ និងរថយន្តសាំយ៉ុង ដឹកកម្មកររោងចក្រ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង ៥:២៥នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចគីឡូម៉ែត្រ ១២៧-១២៨ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីង រវាងរថយន្តកូរ៉េ ៥តោន ដឹកទំនិញក្បាលពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0815 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ អ្នកបេីកបរ (បានរត់គេចខ្លួនបាត់) លុះមកដល់ចំណុចកេីតហេតុខាងលេីរថយន្តបានឡេីងវ៉ាជែងជាមួយរថយន្តមួយផ្សេងទៀត បានចង្កូតបុករថយន្តសាំយ៉ុងដឹកកម្មកររោងចក្រ ក្នុងទិសដៅផ្ទុយគ្នា (ពីកេីត-លិច) យ៉ាងពេញទំហឹង។

រថយន្តម៉ាក់សាំយ៉ុង ពាក់ស្លាកលេខ កំពត-2A 1524 បេីកបរដោយឈ្មោះ ផាន ភ័ក្រ ភេទប្រុស អាយុ ៤១ឆ្នាំ របួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យ (ស្លាប់) មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឈ្មោះ រ៉ូ ហ្វីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរអុីស្លាម រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្នុងហេតុការណ៍នេះបណ្តាលអោយមនុស្សស្លាប់ចំនួន២នាក់ រងរបួសធ្ងន់ ស្រាល ចំនួន២៥នាក់ ស្រី១៦នាក់។

ភ្លាមៗកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកកំពង់សីលា បានសហការជាមួយកម្លាំង អធិការ នគរបាលស្រុកកំពង់សីលា នៅការពារទីតាំងកេីតហេតុ និងជួយសង្គ្រោះ ជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាពកក្តវិទ ស្រុកកំពង់សីលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល៕