(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ អញ្ជើញជាក្នុងកម្មវិធីអបអរសាទរសមិទ្ធផលការងារ១ឆ្នាំ របស់ក្រសួងអធិការកិច្ច ដោយក្នុងនាមជាអធិការកិច្ចរាជរដ្ឋាភិបាល និងជាសេនាធិការផ្ទាល់ជូនប្រមុខរាជរដ្ឋាភិបាល ក្រសួងអធិការកិច្ចសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ក្នុងរយៈពេល ១ឆ្នាំដំបូងនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ ទីប្រឹក្សា លោក លោកស្រីប្រធានមន្ទីររាជធានី ខេត្ត ទាំង២៥និវត្តន៍ជន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សរុបប្រមាណចំនួន ៥០០នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។
លោករដ្ឋមន្ត្រី ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ជូនចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមគិត ចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ និងចូលរួមលះបង់សព្វគ្រប់បែបយ៉ាង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីដោយមិនខ្លាចនឿយហត់ និងនៅពេលខ្លះ បានលះបង់ធនធានថវិកា និងសម្ភារៈផ្ទាល់ខ្លួនថែមទៀតផង។ ដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់របស់ក្រសួង សមិទ្ធផលនៅតាមផ្នែកនីមួយៗ និងក្នុងក្របខ័ណ្ឌក្រសួងទាំងមូល កើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, មន្ត្រីម្នាក់ៗ ចូលរួមអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឈរលើស្មារតីសកម្ម បុរេសកម្ម និងអន្តរសកម្ម ព្រមទាំងមានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារជាប់ជាប្រចាំ។
ក្នុងឱកាសដ៏អធិកអធមនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណជូនចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ នៅថ្នាក់ជាតិ និងក្រោមជាតិ ដែលបានជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេស ការគាំទ្រការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ, កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងគំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានអំពាវនាវដល់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រឆាំងដាច់ខាត ចំពោះរាល់ការប៉ុងប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់លោក លោកស្រី ទាំងអស់ ព្រមទាំងក្រុមគ្រួសារ គាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា មិនថាតិចក្តី ឬ ច្រើនក្តី នឹងបង្ហាញពីស្មារតីជាតិនិយម និងមហាសាមគ្គីជាតិខ្មែរ ព្រមទាំងជាឱកាសសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់មជ្ឈដ្ឋាន បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ៕