(សៀមរាប)៖ បុរសម្នាក់ត្រូវឃាតកបាញ់សម្លាប់នៅកណ្តាលក្រុងសៀមរាប ដោយមិនទាន់ដឹងមូលហេតុ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណ:កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការសើុបអង្កេតករណីឃាតកម្មមួយនេះ។
លោក ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅចំណុច ក្រុមទី៤ ភូមិត្រពាំងរុន សង្កាត់អំពិល ក្រុងសៀមរាប។
លោកស្នងការរង បានបន្តថា «សម្រាប់មូលហេតុវិញ យើងមិនទាន់ដឹងនៅឡើយទេ ដោយកំពុងស្រាវជ្រាវសិន»។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ពាក់មួកពណ៌ខ្មៅ ស្លៀកខោកាបូយ ពណ៌ទឹកប៊ិច អាវពណ៌ខ្មៅ ហើយមានសាក់ រូបកងចាក់ នៅស្មារខាងឆ្វេង មានអាយុប្រហែលជិត ៣០ឆ្នាំ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការពិនិត្យ និងស្វែងរកសាច់ញាតិ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕