(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ជីប ម៉ុង បានជួបប្រជុំពិភាក្សាពីការកំណត់ទីតាំង កម្មវិធីសំខាស់ៗ និងការងារសន្តិសុខក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅសួនវិមានឯករាជ្យ និងសួនវត្តបទុមវតី រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះដឹកនាំដោយលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកឧកញ៉ា លាង ពៅ (ភីធើរ) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ កងកម្លាំងមានសមត្ថកិច្ច មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងវិស័យឯកជនពាក់ព័ន្ធ។ កិច្ចប្រជុំនេះដែរធ្វើឡើងនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
លោក គុជ បញ្ញាសា បានជម្រាបអង្គប្រជុំអំពីសាវតានៃព្រឹត្តិការណ៍ Gumball 3000 និងការទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យក្រសួងទេសចរណ៍ដឹកនាំសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងលើកស្ទួយកិត្យានុភាពជាតិ និងវិស័យទេសចរណ៍ ជាពិសេស បង្កើនការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» រួមជាមួយការបំបែកឯកត្តកម្មពិភពលោកហ្គីណេសនៅមុខប្រាសាទអង្គរវត្ត រួមជាមួយសកម្មភាពសប្បរសធម៌ កៀរគរថវិកាពីសប្បុរសជន ជាតិ-អន្តរជាតិឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ឱ្យបានយ៉ាងតិច២០ម៉ឺនដុល្លាអាមេរិក។
លោក គុជ បញ្ញាសា បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball នឹងបើកបរថយន្តទំនើប Supercars របស់ខ្លួនមកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបំបែកឯកត្តកម្មពិភពលោកហ្គីណេស (Guinness World Record) នៅមុខប្រាសាទអង្គរវត្ត។ នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា នឹងមានរៀបចំព្រឹត្តការណ៍ប្រគុំតន្ត្រីខ្នាតអន្តរជាតិដ៏ធំមួយនៅសួនច្បារវត្តបុទុមវតី ដែលមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ជាកំពូលតារាល្បីៗលំដាប់ពិភពលោក រួមជាមួយការតាំងបង្ហាញរថយន្ត Supercars នៅបរិវេណវិមានឯករាជ្យរហូតដល់រង្វង់មូលសម្តេចជួនណាត ដែលរំពឹងថានឹងមានប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាប្រមាណ៦ម៉ឺននាក់។
លោក សុខ ពេញវុធ និងលោកស្រី កែវ សុខពិសី រួមទាំងអង្គប្រជុំក៏បានលើកឡើងនូវការពិភាក្សាអំពីតម្រាយផ្លូវ ទីតាំងរៀបចំកម្មវិធីផ្សេងៗនៅរាជធានីភ្នំពេញ ពិសេសគឺការពង្រឹងសន្តិសុខ សុវត្ថិភាព ចរាចរណ៍ ក្នុងពេលរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ចាប់ពីពេលប្រតិភូចូលមកភ្នំពេញ រហូតដល់ពេលចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប អង្គរ។ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ បានសម្តែងការគាំទ្រ និងប្តេជ្ញាចូលរួមការពារសន្តិសុខ សណ្តាប់ ក្នុងព្រឹត្តិការណ៍ខាងលើនេះឱ្យបានល្អ និងមានសុវត្ថិភាពខ្ពស់ជូនប្រតិភូអន្តរជាតិ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយមានការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យឱ្យបានច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួលដល់ប្រតិភូអន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួមទស្សនា។
លោកឧកញ៉ា លាង ពៅ (ភីធើរ) បានឱ្យដឹងថា វត្តមានរបស់ព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីកម្ពុជានេះ គឺជាសារមួយពាំនាំបង្ហាញពិភពលោកឱ្យស្គាល់ យល់ដឹងពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច និងពីសង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត។ កំណត់ត្រាប្រវត្តិសាស្ត្រ និងជាឱកាសមាសដើម្បីបង្ហាញពីកិត្យានុភាព កេរ្តិ៍ឈ្មោះកម្ពុជាឱ្យល្បីសុះសាយពេញសកលលោក។
ក្រុមការងារ Gumball 3000 អន្តរជាតិ នឹងរៀបចំឯកសារព្រឹត្តិការណ៍នេះជា Documentary on Netflix (Netflix ទទួលបានការគាំទ្រជាង១០០ប្រទេស)។ ចំណែកឯក្រុមការងារ Gumball Cambodia (អ្នកបើកបររថយន្តក្នុងស្រុក) ក៏បានរៀបចំប្រមូលថវិកាសប្បុរសធម៌ តាមរយៈព្រឹត្តការណ៍នេះ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ក្រុមការងារមូលនិធិ Gumball 3000 គ្រោងនឹងឧបត្ថម្ភសាងសងទីលានបាល់ទាល់ ជូនសហគមន៍កំពង់ឃ្លាំង ខេត្តសៀមរាប។
សូមបញ្ជាក់ថា ដើម្បីជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យកាន់តែផុលផុស ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង រួមជាមួយដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ត្រៀមមុន Pre-Gumball 3000 Rally in Cambodia ដែលមានកម្មវិធីដូចខាងក្រោម៖
* រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២ ពិធីក្រុងពាលី និងតាំងបង្ហាញរថយន្ត Supercars នៅមុខសួនច្បារវត្តបុទុមវតី ៤ ចាប់ពីម៉ោង២រសៀល។
* ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ រថយន្ត Supercars ប្រមាណ៨០គ្រឿង និងម៉ូតូធំ៥០គ្រឿងនឹងជួបជុំមុខសួនច្បារវត្តបុទុមវតី ដើម្បីចេញដំណើរទៅខេត្តសៀមរាប។
* ខេត្តសៀមរាប៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ពិធីក្រុងពាលីនៅមុខប្រាសាទបាយ័ន វេលាម៉ោង ៣រសៀល និងការប្រគុំតន្ត្រីខ្នាតតូចរួមជាមួយការតាំងបង្ហាញសាកល្បង ពិព័រណ៍រថយន្តទំនើប ចាប់ពីម៉ោង៤រសៀលដល់ម៉ោង១០យប់ នៅបរិវេណសួនច្បារមុខព្រះរាជដំណាក់។
* ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ការបើកបរសាកល្បង (Drag Race) នៅបរិវេណព្រលានយន្តហោះសៀមរាបចាស់ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់៕