(ភ្នំពេញ)៖ ការិយាល័យកយកាប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គតម្រង់ទិស សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាចំនួន ៣៥នាក់ មកពីក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនចេញដំណើរ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង។
ការតំរង់ទិសនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធីអាហារូបករណ៍របស់កយកា (CIAT) ដើម្បីពង្រឹងសម្ថភាពដល់មន្ត្រីរក្រសួងសុខាភិបាលលើវគ្គ ការកសាងសមត្ថភាពសម្រាប់បណ្តុះបណ្តាលគ្រូបង្គោលស្តីពីការការពារ និងកំចាត់មេរោគកម្រិតឧត្តមនៅកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើវគ្គ ការអភិវឌ្ឍសមត្ថភាពលទ្ធកម្មសាធារណៈនៅកម្ពុជា។
វគ្គតម្រង់ទិសមុនពេលចេញដំណើរត្រូវបានរៀបចំឡើងដើម្បីធានាថា មន្ត្រីរដ្ឋាភិបាលបានត្រៀមខ្លួនយ៉ាងល្អដើម្បីសម្របខ្លួនជាមួយនឹងភាពខុសគ្នាខាងវប្បធម៌ និងការរំពឹងទុកនៃការសិក្សាក្នុងអំឡុងពេលទទួលការបណ្តុះបណ្តាលរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូង តាមរយៈការចែករំលែកការយល់ដឹងអំពីវប្បធម៌កូរ៉េ យុទ្ធសាស្ត្រទំនាក់ទំនងអន្តរវប្បធម៌ និងគោលការណ៍ណែនាំអប់រំ ដែលកយកាធ្វើឡើងដើម្បីធានា និងបង្កើននូវបទពិសោធន៍ជោគជ័យសម្រាប់អ្នកចូលរួមគ្រប់គ្នា។
កម្មវិធីអាហារូបករណ៍របស់កយកា គឺជាកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ឈានមុខគេ ដែលបានអញ្ជើញមន្ត្រីរាជការ វិស្វករ អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្តល់ការពង្រឹងសមត្ថភាព ហើយតាមរយៈកម្មវិធីនេះកយកាក៏បានចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាអភិវឌ្ឍន៍របស់ប្រទេសកូរ៉េ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង HRD របស់ប្រទេសដៃគូ។
សម្រាប់ឆ្នាំ២០២៤ មានមន្ត្រីរាជការជាង ១៤០នាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី។ នៅពេលបញ្ចប់កម្មវិធីបណ្តុះបណ្តាលមន្ត្រីទាំង ១៥នាក់មកពីក្រសួងសុខាភិបាល រំពឹងថា នឹងបង្កើនជំនាញរបស់ពួកគេក្នុងការបណ្ដុះបណ្ដាល IPC ខណៈដែលមន្ត្រីទាំង ២០នាក់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពង្រឹងចំណេះដឹងរបស់ពួកគេក្នុងជំនាញលទ្ធកម្មសាធារណៈ។
មន្ត្រីដែលបានបានចូលរួមវគ្គតម្រង់ទិសមុនចេញដំណើរបានបង្ហាញពីការអរគុណរបស់ពួកគេ និងធានានូវការគាំទ្ររបស់ពួកគេចំពោះទីភ្នាក់ងារកយកា និងរដ្ឋាភិបាលកូរ៉េ ហើយបានប្តេជ្ញានាំយកនូវអ្វីដែលពួកគេនឹងរៀនពីប្រទេសកូរ៉េ ដើម្បីជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩៤ មកកម្មវិធីអាហារូបករណ៍កយកាបានគាំទ្រដល់មន្ត្រីរាជការកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ៣,៧៧៣នាក់ ក្នុងគម្រោងជំនួយផ្សេងៗ ដូចជា កម្មវិធីបណ្តុះបណ្តាលជាប្រទេស ការបណ្តុះបណ្តាលជាសកល និងកម្មវិធីអាហារូបករណ៍។ ទីភ្នាក់ងារកយកានឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានាក្នុងប្រទេសកម្ពុជា ដែលកំណត់គោលដៅអភិវឌ្ឍន៍ធនធានមនុស្ស៕