(កណ្ដាល)៖ ស្របពេលដែលរដូវបិទនេសាទ ចូលមកដល់មន្រ្តីជំនាញ ជលផលខេត្តកណ្តាល បានដឹកនាំមន្រ្តីក្រោមឱវាទចុះណែនាំ អប់រំអាជីវករនានា កុំឲ្យលក់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ ជូនដល់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យបទល្មើសនេសាទ មានការកើតឡើង បំផ្លាញធនធានមច្ឆាជាតិ និងធ្វើឲ្យភោគផលត្រីមានការខ្វះខាត ពេលរដូវបើកនេសាទចូលមកដល់។
លោក វ៉ិត ធារិទ្ធ នាយខណ្ឌជលផលខេត្តកណ្តាល បានឲ្យដឹងថាការចុះអប់រំណែនាំ អាជីវករលក់ដូរឧបករណ៍នេសាទនេះ ធ្វើឡើងការណែនាំចង្អុលបង្ហាញរបស់លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដើម្បីទប់ស្កាត់ការធ្វើនេសាទខុសច្បាប់ ដូចជាស្បៃអួនក្រឡាញឹក និងលបប្រើស១០០ ឬលបនរក ដែលនាំឲ្យបាត់បង់ពូជត្រី ធនធានមច្ឆាជាតិ របស់ប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នា។ ការចុះអប់រំ អាជីវករមិនឲ្យលក់ដូរឧបករណ៍នេសាទខុសច្បាប់ មិនមែនធ្វើឡើងតែក្នុងរដូវបិទនេសាទនេះទេ ពោលគឺបន្តធ្វើជាប់រហូត។
លោកបន្តថា ឧបករណ៍នេសាទល្មើសច្បាប់ មិនមែនមានតែពីរប្រភេទខាងលើនោះទេ ពោលគឺមានច្រើនប្រភេទទៀត ដែលមានចែងក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ លោកបានលើកឡើងថា យោងតាមមាត្រា៩៨ នៃច្បាប់ស្តីពីជលផលឆ្នាំ២០០៦ បានហាមមិនឲ្យលក់ ឬប្រើប្រាស់ឧបករណ៍នេសាទទំនើប ឧបករណ៍នេសាទដែលបង្កើតថ្មី ឬរបៀបនេសាទដែលបង្កើតថ្មី ពិសេសឧបករណ៍នេសាទ ដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាសញមច្ឆាជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី ជលផលជាដើម។
លោក លី សាលី អាជីវករម្នាក់ក្នុងចំណោម អាជីវករច្រើនាក់ លក់ឧបករណ៍នេសាទ នៅភូមិព្រែកតាពៅ ជាប់គល់ស្ពានតាខ្មៅបានឲ្យដឹងថា កន្លងមកខ្លួនក៏ធ្លាប់មានលក់ ឧបករណ៍នេសាទទាំងនេះដែរ ហើយលក់ដាច់ច្រើនទៀតផង តែមិនបានដឹងថា ជាឧបករណ៍នេសាទទាំងនេះ ជាឧបករណ៍ល្មើសច្បាប់នេះទេ។ យ៉ាងណាក៏ដោយ លោកគាំទ្រសកម្មភាពមន្រ្តីជលផលខេត្ត ដែលបានចុះអប់រំណែនាំមិនឲ្យលក់ឧបករណ៍ល្មើសច្បាប់ទាំងនេះ ព្រោះថា ឧបករណ៍ទាំងនេះពិតជាបំផ្លាញដល់ពូជត្រី មច្ឆាជាតិទាំងនេះ ពិតប្រាកដមែន។
លោក ស៊ូ សេន មេភូមិព្រែកតាពៅ បានឲ្យដឹងថា អាជីវករលក់ឧបករណ៍នេសាទមានច្រើន នៅក្នុងភូមិ ដែលករណីនេះ ក៏បានផ្តល់ការងារច្រើនទៅដល់ពលរដ្ឋ ក្នុងភូមិផងដែរ ក្នុងការ ផលិតឧបករណ៍នេសាទ តាមរបៀបប្រពៃណី ដោយមិនមានផលិតឧបករណ៍ នេសាទល្មើសច្បាប់នោះទេ ដោយឧបករណ៍ល្មើសច្បាប់ទាំងនោះ ត្រូវបានគេនាំចូលពីវៀតណាម ប៉ុណ្ណោះ។ លោកមេភូមិគាំទ្រ ការលុបបំបាត់ឧបករណ៍នេសាទនៅលើទីផ្សារ ហើយលោកនឹងចូលរួមអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋ និងអាជីវករនៅក្នុងមូលដ្ឋាន ឱបានយល់អំពីឧបករណ៍នេសាទខុសច្បាប់ទាំងនេះ ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទ ឲ្យបានទាំងអស់គ្នា។
គួរបញ្ជាក់ថា ទន្លេមេគង្គលើ រដូវបិទនេសាទចាប់ពីខែមិថុនាដល់ខែតុលា ចំណែកទន្លេមេគង្គក្រោមនិងទន្លេបាសាក់ រដូវបិទនេសាទចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា៕