(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។
លោកបណ្ឌិត អ៊ាង សុផល្លែត និងលោក Shovgi Mehdizada បានគូសបញ្ជាក់ពីការប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យបានកាន់តែរីកចម្រើនថែមទៀត ដោយក្នុងនោះមានកិច្ចសហប្រតិបត្តិការ មួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងការអញ្ជើញប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃក្របខ័ណ្ឌ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នាជាដើម។
ក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូតបានអញ្ជើញលោករដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំ UNFCCC (COP 29) ព្រមទាំងស្នើសុំការអនុញ្ញាតពីលោកបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារលើវិស័យបរិស្ថាន ជាមួយ លោករដ្ឋមន្រ្តី ក្រសួងបរិស្ថាននិងធនធានធម្មជាតិ អាស៊ែបៃហ្សង់ផងដែរ។
លោករដ្ឋមន្ត្រីបានទទួលស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដើម្បីពង្រឹងនិងពង្រីកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ រវាងប្រទេសទាំងពីរកម្ពុជា-អាស៊ែបៃហ្សង់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីប្រទេសកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្ម ជាមួយពិភពលោក ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា ពីការប្រែប្រួលអាកាសធាតុ។
ក្រសួងបរិស្ថានបានដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមជាមួយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបង្ហាញពិភពលោកអំពីសុខសន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។
សូមបញ្ជាក់ ឆ្នាំ២០២៤ គឺខួបអនុស្សាវរីយ៍រយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។
ប្រទេស Azerbaijan នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសិទលើកទី២៩ នៃភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ៕