(ភ្នំពេញ)៖ គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) សូមបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ ទាក់ទងនឹងក្រុមហ៊ុន តាមការចុះផ្សាយវីដេអូមួយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤។

នៅក្នុងវីដេអូនោះ សារព័ត៌មានបរទេសនោះ បាន​​​ស្រង់សម្ដីអ្នកវិភាគម្នាក់ថា លោកជំទាវ ពេជ្រ ចន្ទមុនី្ន​​ មានជាប់ពាក់ព័ន្ធនឹង​លោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាល នៃ​​ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ​ ដោយព្យាយាមផ្សាភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំទៅនឹងករណីផ្សេងៗ ដូចជាករណី​លោក គុយ វ៉ាត ជាដើម បើទោះបីជា លោកជំទាវ និង​លោក គុយ វ៉ាតមិនដែលស្គាល់គ្នា និងមិនដែលជួបគ្នាសូម្បីតែមួយដង។

គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក បានបញ្ជាក់ថា «យើងខ្ញុំយល់ឃើញថា ការភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំ និងក្រុមហ៊ុន ឬព្រឹត្តិការណ៍ផ្សេងៗ ដោយមិនមានមូលដ្ឋានជាក់លាក់ នេះជាទង្វើគ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកវិភាគ និងជាអ្នកសារព័ត៌មាននោះទេ»

ទន្ទឹមនឹងនេះ សារព័ត៌មាននោះ ក៏បានចុះផ្សាយផងដែរថា លោក សុខ ពិសិដ្ឋ​ ជា​សមាជិក​ក្រុមប្រឹក្សា ភិបាលចាស់របស់ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដែលនេះ​ជាការ​ចុះផ្សាយ​មិនពិត និងខ្វះការ​ស្រាវជ្រាវ។ ក្រុមហ៊ុន សូមបញ្ជាក់ថា មុនពេលកើតមាន​វិបត្តិសន្ទនីយភាពសាច់ប្រាក់របស់ក្រុមហ៊ុន លោក សុខ ពិសិដ្ឋ មិនមានតំណែងណាមួយក្នុងគណៈ​ប្រតិបត្តិ ឫក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន​ ស៊ីអាយស៊ី ផាតនើរ នោះទេ។

លោកត្រូវបានតែងតាំងជាប្រធានគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ របស់​ក្រុមហ៊ុន ចាប់ពីថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០២៣ ក្រោមការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ដើម្បីអនុវត្តភារកិច្ច​ជំនួសក្រុមប្រឹក្សាភិបាលចាស់ ក្នុងកិច្ចការដោះស្រាយបញ្ហាដែល​ក្រុមហ៊ុនកំពុងប្រឈម និងស្តារក្រុមហ៊ុន និងមូលនិធិឡើងវិញ​។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទំនាក់ទំនងឬតាមរយៈតេឡេក្រាម​ +855​ 77 870 056 ឬអ៊ីម៉ែល [email protected]។ អាស្រ័យហេតុនេះ សូម​សាធារណជន វិនិយោគិន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕