(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី នាយ នាយរង ពលអាវុធហត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមបោះបាយបិណ្ឌ និងវេរចង្ហាន់ ទេយ្យវត្ថុប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ នៅវត្តទេពរង្សី ស្រុកពញាឮ ខេត្តកណ្តាល។
នៅវេលាម៉ោង ៤និង០០នាទី ទៀបភ្លឺថ្ងៃនេះ នាយឧត្តមសេនីយ៍ និងនាយ នាយរង ពលអាវុធហត្ថ បានអញ្ជើញបោះបាយបិណ្ឌ ដែលជាជំនឿសាសនាតាំងពីបុរាណ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិក។
នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នា ដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ការបោះបាយបិណ្ ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើង និយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យ ទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។
នៅវេលាម៉ោង៩និង០០នាទីថ្ងៃដដែល ថ្នាក់ដឹកនាំ បានបន្តប្រារព្ធពិធីជាកិច្ចបង្ហើយបុណ្យ ដោយវេរចង្ហាន់និងទេយ្យវត្ថុប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា។ ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បី ឧទិ្ទសកោសលឲ្យទៅជីដូនជីតា បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានទទួលមរណភាព ទៅកាន់សុគតិភព។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានប្រគេនថវិកា ដែលជាបច្ច័យចំនួន ៣១,៩៥០,០០០រៀលផងដែរ៕