(បន្ទាយមានជ័យ)៖ នៅរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សាផ្ទាល់ គណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះ មានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងព្រះចៅអធិការវត្តទូទាំងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ហ៊ឹម វិបុលឬទ្ធិ រដ្ឋលេខាធិការ តំណាង លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ឈឿន ក្រៃយ៉ុង អភិបាលរង តំណាង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ គណៈកម្មការ អាចារ្យវត្តទូទាំងខេត្តបន្ទាយមានជ័យ ផងដែរ។
លោក ហ៊ឹម វិបុលឫទ្ធិ បានពាំនាំនូវការផ្តាំសួរសុខទុក្ខនិងថ្វាយបង្គំពី លោក ចាយ បូរិន ប្រគេនដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។ លោកបានស្នើសូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្ត ឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។
ព្រមជាមួយគ្នានេះ លោកស្នើសូមព្រះសង្ឃគ្រប់ព្រះអង្គប្រើប្រាស់បណ្តាញសង្គមនានាឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពនយោបាយ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា សម្រាប់ពិធីសំណេះសំណាលរបស់គណៈសង្ឃនាយក គណៈមហានិកាយ និងក្រសួងធម្មការនិងសាសនា ជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្តនាពេលនេះ ក្នុងគោលបំណង ណែនាំអំពីការប្រតិបត្តិធម៌វិន័យ, ការគ្រប់គ្រងអប់រំព្រះស្សក្នុងវត្តអារាម, ការប្រើប្រាស់ប្រព័ន្ធ ទំនាក់ទំនងសង្គមឌីជីថល, និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុក និងវត្ត ដើម្បីឱ្យមាននូវអភិសមាចារ គួរជាទីគោរពសក្ការៈ និងជាបុញ្ញក្ខេត្ត ស្រែបុណ្យរបស់ពុទ្ធបរិស័ទ។ ដូច្នេះ អ្នកបួសត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់គ្រប់រូប និងសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រដល់ ភិក្ខុ សាមណេរឲ្យបានតឹងរឹង។
ដើម្បីជួយជាតិដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត សម្តេច បានបញ្ជាក់បន្ថែមទៀតថា ព្រះសង្ឃត្រូវយល់ច្បាប់វិន័យ ចេះគោរពអ្នកបួសមុន វស្សាចាស់ជាង ឬព្រះឧបជ្ឈាយ៍ ត្រូវចេះនាំគ្នា យកវត្តប្រណិបតន៍ សុំឱវាទ នោះទើបយើងស្គាល់គ្នា និងក្រែងព្រះវិន័យ ច្បាប់ទម្លាប់បវរណីសង្ឃយើងបានខ្លះ។ ចំពោះព្រះមន្ត្រីសង្ឃ បើមានតួនាទីហើយត្រូវធ្វើការ ព្រះមេគណនិមន្តមកប្រជុំត្រូវតែមកប្រជុំ ប្រជុំហើយត្រូវចេះផ្សព្វផ្សាយដល់អ្នកដែលនៅក្រោមឱវាទរបស់ខ្លួនបន្ត បើមិនមកប្រជុំបី ទៅបួនដង ដោយគ្មានមូលហេតុគ្រប់គ្រាន់ទេ យើងអាចស្នើសុំដកចេញបានដោយប្រាប់មូលហេតុទៅសម្តេចសង្ឃនាយក កុំឱ្យបុគ្គលនោះ នៅទទឹងផ្លូវ ស្ទះការងារ (សម្តេចប្រាប់ទៅមេគណ)។
សម្តេចបានបន្តផងដែរថា «សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការ អាចារ្យគ្រប់វត្ត រួមទាំងពុទ្ធបរិស័ទទាំងអស់គ្នា បន្តខិតខំយក ចិត្តទុកដាក់ រួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាប្រមុខដឹកនាំ បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿ ជាក់ពីប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់ គឺព្រះពុទ្ធសាសនា បានរួមចំណែកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ដូចស្ពាន វត្តអារាម សាលារៀន មន្ទីរពេទ្យ កាកបាទក្រហម ការងារសង្គម ការងារ មនុស្សធម៌ និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ពុទ្ធបរិស័ទ សិស្សានុសិស្ស និងប្រជា ពលរដ្ឋក្នុងសង្គម»។
បើតាមតាមរបាយការណ៍របស់ព្រះសមណញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះ ចំពោះការងារព្រះពុទ្ធសាសនានៅខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋសរុបចំនួន ៨០៩.៦៩៤ នាក់ ស្មើ ៩៨.៥២ % គោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ទូទាំងខេត្ត មានវត្តចំនួន ២៥៥ វត្ត ព្រះសង្ឃសរុប ៤២៤៣ អង្គ (ភិក្ខុ១២៤២ អង្គ) ក្នុងនោះគណៈមហានិកាយ មានវត្ត ២៤៣ វត្ត (ព្រះសង្ឃ ៤១២២ អង្គ) និងវត្តធម្មយុត្តិកនិកាយ មាន ១២ វត្ត មានព្រះសង្ឃ ១២១ អង្គ(ភិក្ខុ ៣៤ អង្គ)។ អាចារ្យ មានចំនួន ១០៣៣ នាក់ គណៈកម្មការចំនួន ១៨៨៦ នាក់ តាជី ចំនួន ២៤៨ នាក់ យាយជី ចំនួន ៦៦៨ នាក់ សិស្ស ២៣៨ នាក់ ក្មេងកំព្រា ១១៩ នាក់ ជនគ្មានទីពឹង ៣៤ នាក់។ ក្នុងនោះផងដែរ វត្តដែលបានចុះបញ្ជីកម្មសិទ្ធិគរុភណ្ឌសង្ឃរួចហើយ មានចំនួន ១២៥ វត្ត ស្មើ ៤៩.០៣ % និងវត្តកំពុងដំណើរការចុះបញ្ជីដីគរុភណ្ឌសង្ឃ មានចំនួន ១៧ វត្ត ស្មើ ៦.៦៦ % និងវត្តមិនទាន់បានចុះបញ្ជីដីគរុភណ្ឌសង្ឃចំនួន ១១៣ វត្ត ស្មើ ៤៤.៣១ % និងវត្តដែលបានរៀបចំសំណើសុំបង្កើតវត្តថ្មី មានចំនួន ៦ វត្ត៕