(ស្ទឹងត្រែង)៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានកំពុងបើកយុទ្ធនាការផ្សព្វផ្សាយ អប់រំសុខភាពជូនដល់ប្រជាពលរដ្ឋនិងបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងទប់ស្កាត់ជំងឺហ្ស៊ីកា(Zika) ដែលជាជំងឺឆ្លងថ្មីមួយ ដែលកំពុងតែរាលដាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
ដោយមានការណែនាំពី លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាល ក៏បានផ្សព្វផ្សាយពីជំងឺហ្ស៊ីកា (Zika) ដល់គ្រូពេទ្យ បុគ្គលិកនៅមន្ទីពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពផងដែរ។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ការរៀបចំធ្វើយុទ្ធនាការនាពេលនេះ គឺឲ្យប្រជាពលរដ្ឋ លោកបានយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីជំងឺឆ្លង ហ្ស៊ីកា(Zika) ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះកុំអោយកើតមាននៅក្នុងប្រទេសរបស់យើង។
លោកក៏បានបញ្ជាក់ផលប៉ះពាល់ របស់ជំងឺដែលអាចបំផ្លាញប្រព័ន្ធប្រសាទកុមារ ឲ្យខូចខុសប្រក្រតី ចំពោះស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគ(Zika) ឬកើតជំងឺនេះ (Zika) អាចបណ្តាលឲ្យទារកកើតមក មានក្បាលតូចខុសធម្មតា។
លោកវេជ្ជបណ្ឌិតក៏បានអោយដឹងថា មូសខ្លាជាប្រភពចម្លងជំងឺ(Zika) ដែលមូសខ្លានេះបានធ្វើ សកម្មភាពខ្លាំងបំផុតនៅពេលថ្ងៃ ហើយអាចចម្លងពីម្តាយទៅកូននៅក្នុងផ្ទៃទៀតផង។ ចំពោះរោគសញ្ញា នៃជំងឺនេះគឺក្តៅខ្លួនរោគសញ្ញាលើស្បែក ដូចជាស្នាមក្រហមអុចនៅលើស្បែក ឈឺសាច់ដុំ សន្លាក់ដៃជើង និងភ្នែកឡើងក្រហម(រលាកភ្នែក)រោគសញ្ញាបន្ទាប់បន្សំ អស់កម្លាំង ឈឺក្បាល និងវិបត្តិផ្លូវរំលាយអាហារ (រាគក្អួត)។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមទាំង អស់គ្នាត្រូវចេះអនាម័យ និងកប់ជម្រកមូសខ្លានៅជុំវិញផ្ទះ ដោយដាក់ថ្នាំអាបែតតាមពាងទឹក ចាក់បំពេញ ទីកន្លែងដក់ទឹកត្រូវយកសំបកកង់ម៉ូតូ ឡានចាស់ៗ សំបកកំប៉ុង សំបកដូង និងសំភារៈផ្សេងៗ ដែលដក់ ទឹកបង្កអោយមូសពង និងញាស់កូន យកទៅដុត ឬ កប់ចោល ដើម្បីការពារមូសខ្លាខាំ គឺត្រូវដេកក្នុងមុងស្លៀកពាក់ខោអាវ ឲ្យបានជិតល្អ៕