(ភ្នំពេញ)៖ បន្ទាប់ពីបានបើកយុទ្ធនាការ ស្វែងរកកញ្ញាឯកកម្ពុជា អស់រយៈពេលជាង ៣ សប្តាហ៍ ដែលបានទទួលពាក្យសុំប្រឡង រាប់រយកន្លងទៅនេះ បានរកឃើញកញ្ញាឯកកម្ពុជា ផ្លូវការ ២០ រូប នៃកម្មវិធីប្រឡងជ្រើសរើស «កញ្ញាឯកកម្ពុជា ២០១៦ សម្រស់ព្រះរាជាណាចក្រខ្ញុំ» ដែលបានបង្ហាញមុខជាផ្លូវការ នៅរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលពិធី Ballroom នៃសណ្ឋាគារណាហ្គាវើល ជាមណ្ឌលកម្សាន្តប្រណីតមួយ ក្នុងតំបន់ឥណ្ឌូចិន ក្រោមវត្តមាន ភ្ញៀវកិត្តិយសជាច្រើននាក់។
លោក Romyr Libo-on នាយកចាត់ការទូទៅ នៃក្រុមហ៊ុនភ្នាក់ងារ «អារ៉ាយ អេចិនស៊ី Arise Agency» និងអ្នករៀបចំកម្មវិធីប្រឡងកញ្ញាឯកកម្ពុជា ២០១៦ បានថ្លែងថា «កម្មវិធីប្រឡងកញ្ញាឯកកម្ពុជា ២០១៦ នឹងធ្វើឲ្យសុបិន របស់សុភាពនារីកម្ពុជាក្លាយជាការពិត។ ដល់ពេលដែលយើងត្រូវស្វែងរក សុភាពនារីកម្ពុជាវ័យក្មេង ដែលមានទាំងរូបសម្បត្តិ ចរិយាសម្បត្តិ ប្រាជ្ញា និងរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់ របស់ខ្មែរដើម្បីតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រឡងកញ្ញាឯក ជាលក្ខណៈអន្តរជាតិហើយ។ គោលបំណងស្នូលរបស់យើង គឺស្វែងរកបេក្ខនារីកម្ពុជា ស្រស់ស្អាត មានមន្តស្នេហ៍ និងប្រាជ្ញា ដើម្បីគ្រងមកុដកញ្ញាឯកកម្ពុជា ២០១៦»។
លោកបន្ថែមថា «អ្នករៀបចំកម្មវិធី និងគណៈកម្មាធិការជ្រើសរើសរបស់យើង បានទៅដល់ខេត្តបាត់ដំបង កំពង់ចាម តាកែវ និងរាជធានីភ្នំពេញ នៅក្នុងវគ្គជ្រើសរើសដំបូង។ កញ្ញាឯកទាំងនោះ នឹងចូលរួមធ្វើសកម្មភាពជាច្រើនផងដែរ ដូចជាធ្វើដំណើរកម្សាន្ត និងលើកកម្ពស់អេកូទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ការទស្សនកិច្ចទីតាំងវប្បធម៌ ក្នុងខេត្តសៀមរាប ចូលរួមការងារសង្គមក្នុងរាជធានីភ្នំពេញ និងការទស្សនកិច្ចជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ»។
នៅក្នុងពិធីប្រកាសបង្ហាញមុខជាផ្លូវការនេះ មានការដើរបង្ហាញម៉ូដខ្នាតតូច ដ៏ប្លែកភ្នែក ដែលមានបង្ហាញសម្លៀកបំពាក់ខ្មែរបុរាណ ដោយក្រុម Khmer Design សម្លៀកបំពាក់ Sateen Collection Dress ដោយក្រុម Mugigae Cambodia និងការបង្ហាញស្លៀកជើង ដោយ Charles & Keith។ កម្មវិធីប្រឡងជ្រើសរើសកញ្ញាឯកកម្ពុជា ២០១៦ ត្រូវបានឧបត្ថម្ភធំដោយ ក្រុមហ៊ុន POND’S សហការឧបត្ថម្ភដោយ Boryung Pharma, Sunsilk, ក្រុមហ៊ុនអាកាសចរណ៍ បាសាកា អ៊ែរ Bassaka Air, សណ្ឋាគារណាហ្គាវើល, Wing, Charles & Keith, Pizza Company, Mugigae Cambodia, Superfit, W.S. Stone, Paradise Tailor, Dee’s Studio Embellishment and Salon, Plusmax, Three 6 និង Smart. ដៃគូផ្នែកប្រព័ន្ធផ្សព្វផ្សាយ រួមមានស្ថានីយទូរទស្សន៍បាយ័ន អប្សរា កាសែតកម្ពុជាថ្មី ទស្សនាវដ្តី Sovrin ស្ថានីយវិទ្យុ NRG FM 89.0 និងក្រុមហ៊ុន Sabay។
សូមបញ្ជាក់ថា ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី ១៤ ខែតុលា ២០១៦ ចាប់ពីម៉ោង ០៧:០០ នាទីយប់ដល់ ១០:០០នាទី យប់ ។ លោក Monti Parungao មកពីប្រទេសហ្វីលីពីន នឹងដឹកនាំការការថតវីដេអូផ្សាយបន្តផ្ទាល់នេះ ។ តើបេក្ខនារីរូបណា នឹងគ្រងមកុដកញ្ញាឯកកម្ពុជា ២០១៦?