(ភ្នំពេញ)៖ អង្គការ អេដ អេ អាកស្យុង និងអង្គការអាក់សិនអេតកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិទទួលបានសមធម៌ គុណភាព ភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា ភាពជាម្ចាស់ និងគណនេយ្យភាពក្នុងការដោះស្រាយបញ្ហានៃកុមារងាយរងគ្រោះ កុមារបាត់បង់ឱកាសទទួលបានការអប់រំ ដែលនឹងគ្របដណ្តប់គោលដៅ ១០៩សាលារៀនបឋមសិក្សា ក្នុងការចុះឈ្មោះ និងរក្សាទុកកុមារបាត់បង់ឱកាសទទួលការអប់រំកម្រិតបឋមសិក្សាចំនួន ៥,២៤១នាក់ នៅក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តកំពង់ធំ ឧត្តរមានជ័យ ពោធិ៍សាត់ កំពត និងខេត្តកោះកុង។
អង្គការ អេដ អេ អាកស្យុង នឹងដើរតួនាទីជាអ្នកដឹកនាំកម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ដែលមានអង្គការដៃគូចំនួន ២៩ នឹងធ្វើការងារគ្របដណ្តប់លើសាលារៀនគោលដៅសរុបចំនួន ២,៦៩៤សាលារៀន ក្នុងនោះដែរគម្រោងផ្តោតលើគោលដៅកុមារបាត់បង់ឱកាសទទួលបានការអប់រំ នឹងទៅចុះឈ្មោះចូលរៀនថ្មីចំនួន ១១៦,៣៩៦នាក់ នៅទូទាំងប្រទេសកម្ពុជា។ អង្គការអាក់សិនអេតកម្ពុជា នឹងផ្តោតលើការត្រួតពិនិត្យបច្ចេកទេសនៃកម្មវិធីអប់រំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការរៀន និងការបង្រៀន តាមរយៈការកសាងភាពជាដៃគូរបស់សាលា សហគមន៍ និងភាពជាម្ចាស់ ហើយចុះឈ្មោះ និងរក្សាទុកកុមារបាត់បង់ឱកាសអប់រំទាំងអស់នៅក្នុងតំបន់គោលដៅ សម្រាប់វគ្គសិក្សាពេញលេញនៃសាលាបឋមសិក្សាដែលមានគុណភាពល្អ។
កិច្ចព្រមព្រៀងក្នុងភាពជាដៃគូរវាង អង្គការ អេដ អេ អាកស្យុង និងអង្គការអាក់សិនអេតកម្ពុជា នឹងអនុវត្តការងាររយៈពេល២៤ខែ គិតចាប់ពីខែមករា ឆ្នាំ២០២៤ និងមានសុពលភាពរហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥ ឬរហូតដល់គម្រោងបានបញ្ចប់ ដោយប្រើប្រាស់មូលនិធិរួមគ្នាសរុប ១,៨៣១,០៨៨ដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីការរួមចំណែកយ៉ាងសំខាន់របស់អង្គការ អេដ អេ អាកស្យុង ចំនួន ៣៧ភាគរយ និងវិភាគទានរបស់អង្គការអាក់សិនអេតកម្ពុជា ចំនួន ៦៣ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងក្នុងភាពជាដៃគូនេះ កម្មវិធីដៃគូរួមគ្នាកំពុងសម្របសម្រួលការងារជាមួយអង្គការដៃគូអប់រំ (អនុដៃគូ) បន្ថែមចំនួន៦ រួមមាន (១).ក្រុមប្រឹក្សាយុវជនកម្ពុជា (២).មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (៣).អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ (៤).អង្គការកែប្រែសហគមន៍ (៥).អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ និង(៦).អង្គការសាមគ្គី ដើម្បីចូលរួមចុះឈ្មោះ និងរក្សាទុកកុមារបាត់បង់ឱកាសទទួលការអប់រំ ផ្តល់ជំនួយលើការសិក្សា និងសេវាកម្មសម្រាប់ការសិក្សា ទៅដល់កុមារបាត់បង់ឱកាសទទួល ការអប់រំ និងការអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់គ្រូបង្រៀន និងតួអង្គអប់រំ។
លោក វន សំភាស់ នាយកប្រចាំប្រទេស អង្គកា រអេដ អេ អាកស្យុង ប្រទេសកម្ពុជា បានឱ្យដឹងថា តាមរយៈកញ្ចប់ថវិកានេះ ជាការវិនិយោគរួមគ្នាទៅលើវិស័យអប់រំនៅកម្ពុជា ពិសេសកុមារនៅក្នុងគ្រួសារ សហគមន៍ដែលមានជីវៈភាពលំបាក និងជាការធានាថា កុមារទាំងអស់នោះបានចូលរៀននៅសាលាគ្រប់ៗគ្នា ព្រមទាំងទទួលបានគុណភាព ពីការអប់រំនេះទៀតផង។ ក្នុងកញ្ចប់ថវិការនេះដែរ ក៏នឹងមានការកសាងសាលានៅតំបន់ដែលខ្វះខាត ឬមិនមានសាលារៀនគ្រប់គ្រាន់ ផ្តល់ជាសម្ភារបង្រៀន និងរៀន អាហារូបករណ៍ទៅដល់គ្រួសារដែលធ្វើចំណាកស្រុក និងក្រីក្រនៅតំបន់ដាច់ស្រយ៉ាល ក៏ដូចជាមានការបណ្តុះបណ្តាលទៅដល់លោកគ្រូ អ្នកគ្រូ សហគមន៍ អាណាព្យាបាលសិស្ស ដើម្បីធានាថាកុមារទាំងអស់បានចូលរៀននៅសាលាប្រកបដោយគុណភាព និងសុខមាលភាព។
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីអប់រំកុមារ ឬ Educate A Child (EAC) នៃមូលនិធិការអប់រំលើសពីអ្វីទាំងអស់ ឬ Education Above All Foundation កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា បានចាប់ផ្តើមដំណាក់កាលទី១ របស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាគម្រោងទូទាំងប្រទេសមួយ ជាចលនាដើម្បីជួយដល់កុមារបាត់បង់ឱកាសអប់រំនៅសាលារៀលគោលដៅចំនួន ១,៣៨៨ ត្រូវបានទទួលការគាំទ្រក្នុងដំណាក់កាលទី១ (ឆ្នាំ២០១៤ ដល់ ២០១៧)។ ដំណាក់កាលទី២ (ឆ្នាំ២០២១ ដល់ ២០២៥) នៃកម្មវិធីដៃគូរួមគ្នានេះ រាប់បញ្ចូលអង្គការដៃគូចំនួន ២៩ ដែលបានផ្គត់ផ្គង់ដល់ប្រព័ន្ធអប់រំនៅកម្ពុជាដ៏ទូលំទូលាយ និងរួមបញ្ចូលកុមារមានពិការភាព កុមាររស់នៅតាមដងផ្លូវ សិស្សលើសអាយុ កុមារក្រីក្រកុមារ រស់នៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច។
សូមជម្រាបថា អង្គការ អេដ អេ អាកស្យុង / Aide et Action (AEA) គឺជាអង្គការអន្តរជាតិមួយមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង។ អង្គការ អេដ អេ អាកស្យុង បានចាប់ផ្តើមកម្មវិធីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ១៩៨១ ហើយមកទល់បច្ចុប្បន្ននេះកំពុងធ្វើការនៅក្នុងប្រទេសជាង២០នៅទូទាំងទ្វីបអាហ្រ្វិក ការ៉ាអ៉ីប អឺរ៉ុប អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប្រទេសចិន ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ការអប់រំប្រកបដោយនិរន្តរភាព។ អង្គការ អេដ អេ អាកស្យុង ចាប់ផ្តើមធ្វើការងារនៅអាស៊ីអាគ្នេយ៍ដំបូងបង្អស់នៅប្រទេសកម្ពុជាអំឡុងឆ្នាំ២០០៣ ហើយក្រោយមកបានពង្រីកកម្មវិធីរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និងចិន តាមរយៈការអនុវត្តដោយផ្ទាល់ និងក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធក្នុងស្រុក (រួមមានអង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល សហគមន៍)។ អង្គការ អេដ អេ អាកស្យុង បានចូលរួមពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មក។ អង្គការ អេដ អេ អាកស្យុង កំពុងធ្វើការក្នុងភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលកម្ពុជាមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ និងអនុញ្ញាតឱ្យមានលទ្ធភាពទទួលបានការអប់រំបឋមសិក្សាសម្រាប់ពលរដ្ឋដែលទាន់មិនរាប់បញ្ចូល។
ចំពោះអង្គការអាក់សិនអេតកម្ពុជា / ActionAid Cambodia គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលបានចាប់ផ្តើមធ្វើការនៅក្នុង ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៤។ អង្គការអាក់សិនអេតកម្ពុជា ធ្វើការងារជាមួយប្រជាជនដែលរស់នៅក្នុងភាពក្រីក្របំផុត ជនដែលត្រូវបានគេផាត់ចោល សហគមន៍ សកម្មជន ចលនាសង្គម អ្នកគាំទ្រ និងអ្នកមានកាតព្វកិច្ច ដើម្បីសម្រេចបាននូវ យុត្តិធម៌សង្គម សមភាព និងសមធម៌យេនឌ័រ ព្រមទាំងជីវភាពរស់នៅដែលមានភាពធន់។
Educate A Child (EAC) គឺជាកម្មវិធីសកលមួយរបស់មូលនិធិ Education Above All Foundation (EAA) បានចាប់ផ្តើមដំណើរការសកម្មភាពក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ដោយព្រះនាង Sheikha Moza bint Nasser នៃប្រទេសកាតា ដែលមានគោលបំណងកាត់បន្ថយចំនួនកុមារនៅ ទូទាំងពិភពលោកដែលត្រូវបានបដិសេធសិទ្ធិទទួលការ សិក្សាអប់រំរបស់ពួកគេ។ EAC ប្តេជ្ញាចិត្តចំពោះកុមារទាំងឡាយដែលបាត់បង់ឱកាសទទួលការអប់រំ ដើម្បីជួយផ្តល់ឱកាសឱ្យពួកគេចូលរៀន ដែលវារួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ របស់អង្គការសហប្រជាជាតិ ដើម្បីធានាឱ្យមានការអប់រំប្រកបដោយបរិយាប័ន និងគុណភាពសម្រាប់ទាំងអស់គ្នា និងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត៕