(ភ្នំពេញ)៖ ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវលើទំព័រហ្វេសប៊ុកឈ្មោះ D-Store ដែលបានបង្ហោះផ្សព្វផ្សាយលក់អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែកតាមបណ្តាញសង្គម និងឈានទៅដល់ការចុះបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធកែច្នៃប្រភេទនេះ នៅទីតាំងមួយកន្លែងស្ថិតនៅ ផ្ទះលេខ១១ ផ្លូវ៣១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ដើម្បីយកមកសាកសួរនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ដោយសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះក៏មានចូលរួមពីសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ដូចជា៖ លោក សុខ ពេញវុធ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាល នៃអភិបាលខណ្ឌមានជ័យ។
ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានរកឃើញ និងដកហូតសម្ភារៈពាក់ព័ន្ធជាគ្រឿងបង្គុំអាវុធកែច្នៃមួយចំនួនរួមមាន៖ កាំភ្លើង (អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក), ខ្សែកៅស៊ូ, ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់លោហៈដែក មួយចំនួនធំ។
ក្រោយពីការសាកសួរជនសង្ស័យខាងលើ បានសារភាពពិតជាបានប្រព្រឹត្តប្រាកដមែន បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដល់ប្រជាពលរដ្ឋបញ្ឈប់នូវការផ្សព្វផ្សាយ និងធ្វើអាជីវកម្មទិញ-លក់ អាវុធកែច្នៃផ្សេងៗតាមបណ្តាញសង្គមគ្រប់ប្រភេទ ដែលបង្កអសន្តិសុខដល់សង្គម និងអាយុជីវិតមនុស្ស។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការក្រើនរំលឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានទិញអាវុធកែច្នៃគ្រប់ប្រភេទ សូមយកមកប្រគល់ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជៀសវាងសមត្ថកិច្ចចុះធ្វើការរឹបអូប និងឃាត់ខ្លួនកសាងតាមនីតិវិធី៕