(កំពង់ស្ពឺ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការជំរុញចលនាអភិវឌ្ឍន៍ «ភូមិគំរូ» គឺជាយន្តការអន្តរាគមន៍ដោយផ្ទាល់កម្រិតភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើងប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ការថ្លែងបែបនេះក្នុងឱកាសលោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ដែលបានចូលរួមនិងបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ ក្រោមប្រធានបទ «វិធីសាស្រ្តចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បតិ្តភូមិគំរូ» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលមានសិក្ខាកាមជាមន្ដ្រីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត សរុបចំនួន១២០រូប បានចូលរួមនិងបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រកបដោយជោគជ័យនាពេលនេះ។
លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានលើកឡើងថា វគ្គបណ្តុះបណ្តាលសនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយ ពង្រឹងសមត្ថភាពបន្ថែមដល់មន្ដ្រីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ទីរ អភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ឱ្យកាន់តែយល់ច្បាស់អំពីវិធីសាស្រ្តចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បតិ្តភូមិគំរូ ដោយអនុវត្តស្របនិងប្រកាសស្តីពីការកំណត់លក្ខណៈសម្បត្តិ «ភូមិគំរូ» របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងការងារកំណត់ទិសដៅរបស់ក្រសួងនាពេលខាងមុខ។
លោករដ្ឋមន្រ្ដីបានបន្ថែមថា ការអភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ ពិតជាអាចអភិវឌ្ឍន៍សេដ្ឋកិច្ច និងចីរភាពនៃកំណើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ និងជាការអនុវត្តស្របតាម យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានចេញសេចក្ដីប្រកាសស្ដីពីការកំណត់លក្ខណៈសម្បត្ដិ «ភូមិគំរូ» នៅប្រទេសកម្ពុជា ដោយមានលក្ខណៈវិនិច្ឆ័យចំនួន៥ រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង(៥)អភិបាលកិច្ច។ បច្ចុប្បន្ន ក្រសួងបាននិងកំពុងអនុវត្តចលនាភូមិគំរូចំនួន៦៤ នៅតាមខេត្តគោលដៅមួយចំនួន រួមមាន៖ ខេត្តកំពង់ស្ពឺ តាកែវ ត្បូងឃ្មុំ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ហើយក្នុងផែនការប្រចាំឆ្នាំ ក្រសួងនឹងអភិវឌ្ឍភូមិគំរូចំនួន៥០ភូមិក្នុង១ឆ្នាំ៕