(ក្រចេះ)៖ អគារសិក្សា១ ខ្នង៤បន្ទប់ រួមនឹងសមិទ្ធផលមួយចំនួនទៀតនៅសាលា បឋមសិក្សាសាមគ្គី ស្ថិតនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាខាងលើ គឺមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូ បត្ថម្ភក៍ មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ា ថន អភិបាលអភិបាលខេត្តក្រចេះ។

តាមការបញ្ជាក់របស់លោក វ៉ា ថន សមិទ្ធ ផលទាំងនេះគឺជាអំណោយពីអង្គការ វ័នឡៃហ្វ (One Life) និងសប្បុរសជនជប៉ុន ដែល តែងតែផ្ដល់ជំនួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ការសាងសង់ផ្លូវ ស្ពាន សាលា រៀន មណ្ឌលសុខភាព និងផ្នែកអរូបវ័ន្តរួមមានការអប់រំការបណ្ដុះបណ្ដាលធនធានមនុស្ស ការបណ្ដុះបណ្ដាលមុខជំនាញបច្ចេកទេស និងជំនួយផ្សេងៗទៀតដល់ខេត្តក្រចេះក្នុងគោល បំណងរួមចំណែកនាំឱ្យសម្រេចយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានិងកាន់តែបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យបានគង់វង្ស និងឋិតថេរជានិរន្តន៍។

លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យអប់រំដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្ដោតលើ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» នឹងដាក់ចេញនូវវិធានការគន្លឹះក្នុងគោលដៅ «លើក កម្ពស់គុណភាពអប់រំ» ដោយផ្តោតលើការពង្រឹង គុណ ភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។

លោកបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានថ្លែងអំណរគុណដល់សប្បុរសជនជប៉ុន និងអង្គការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្ស T.D.O ដែលបានសាងសង់អគារដ៏ស្រស់ស្អាតចំនួន ១ខ្នង ព្រមទាំងសមិទ្ធផលមួយចំនួនទៀត នៃសាលាបឋម សិក្សាសាមគ្គីដោយបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការពង្រឹង ពង្រីកវិស័យអប់រំប្រកបគុណ ភាពសមធម៌ និងបរិយាបន្ន៕