(ត្បូងឃ្មុំ)៖ គណៈប្រតិភូអន្តរក្រសួង រួមមានក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ នៅខេត្តត្បូងឃ្មុំ និងផ្លូវក្រាលល្បាយក្រួសចំនួន ០១ខ្សែ និងលូចំនួន២កន្លែង នៅខេត្តក្រចេះ។
សកម្មភាពការងារនេះ ធ្វើឡើងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ-ក្រចេះ អាជ្ញាធរមូលដ្ឋានឃុំ ព្រមទាំងប្រជាពលរដ្ឋ។
សូមជម្រាបថា ប្រតិភូអន្តរក្រសួង បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពដោយផ្ទាល់ រួមមានលទ្ធផលការងាស្តារឡើងវិញផ្លូវក្រាលដីល្បាយគ្រួសចំនួន១ខ្សែ ប្រវែង៦.០០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតនៅភូមិព្រែកជរ និងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
និងផ្លូវក្រាលល្បាយគ្រួសចំនួន០១ខ្សែ ប្រវែង៤.០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូមូលមុខពីរចំនួន ០១កន្លែង, លូមូលមុខមួយចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ស្ថិតនៅពីភូមិសំរ៉ង់ ទៅភូមិចឹង ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ (គម្រោងលេខ DRR-NC-2023-No.092) ដែលទទួលការអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ផ្លូវ និងលូដែលបានបញ្ចប់ការសាងសងទាំង២កន្លែងនេះ ត្រូវបានគណៈប្រតិភូអន្តរក្រសួង វាយត្រួតពិនិត្យវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន១០០% ត្រូវបញ្ចប់សុពលភាពការងារដោយ គុណភាព និងសោភ័ណភាព នៅរក្សាគុណភាពល្អដដែល។
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពការងារខាងលើនេះ លោក សាន វិសាល រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំង០៣រូប រួមមានសម្ដេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ផងដែរ។
លោក សាន វិសាល បានបន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននឹងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកម្ពុជាអាចសម្រេចចក្ខុវិស័យជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០»។ ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលបានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខា បានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមានតួនាទីទទួលបន្ទុកថែទាំបន្ត ដោយសហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ និងលូខាងលើនេះ ឱ្យបានល្អប្រសើរប្រកបដោយគុណភាពត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងលូ អោយបានគង់វង្សយូអង្វែងផងដែរ។
ជាមួយគ្នានោះផងដែរ លោក សាន វិសាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមកុំចាញ់បោកតាមការឃោសនាញុះញង់ បោកបញ្ឆោតធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមអគតិមួយក្តាប់តូច និងសូមជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា៕