Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា ចោទ ប៉ាគីស្ថាន ជាជម្រក​នៃពួកភេរវករ ហើយថារដ្ឋនេះ​គួរតែឈប់ស្រមៃ​ចង់បាន​តំបន់ «កាស្មៀ» ទៀតទៅ

27-09-2016 10:09

(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushma Swaraj បានប្រើប្រាស់វេទិកានៃ មហាសន្និបាទអង្គការសហប្រជាជាតិ ចោទប្រកាន់លើប៉ាគីស្ថាន ថាជាអ្នកជួយជ្រោមជ្រែងក្រុមភេរវករ ព្រមទំាងបានស្នើឱ្យប៉ាគីស្ថាន បោះបង់ចោលក្ដីស្រម៉ៃ ដែលចង់គ្រប់គ្រងតំបន់កាស្មៀ ជាដែនដីជម្លោះ ដ៏រុំារ៉ៃរវាងប្រទេសទំាងពីរ រាប់ពីចាប់ពីឆ្នាំ១៩៤៧ មកនោះទៅ។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

លោកស្រី Sushma Swaraj បានលើកឡើងដូច្នេះថា «ខ្ញុំសូមផ្ដល់យោបល់ឱ្យប៉ាគីស្ថាន បោះបង់ចោលក្ដីស្រម៉ៃ ចង់គ្រប់គ្រងតំបន់កាស្មៀ ព្រោះថាទំាងតំបន់ចាំមូ និង តំបន់កាស្មៀ សុទ្ធតែជា ផ្នែកនៃទឹកដីឥណ្ឌា»។ លើសពីនេះទៅទៀត បើទោះជាលោកស្រីមិនបានលើកឈ្មោះចំៗក៏ដោយ រដ្ឋមន្រ្តីការបរទេសឥណ្ឌារូបនេះ បានស្នើឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការលើរដ្ឋមួយ ដោយ លោកស្រីចង់សំដៅលើប៉ាគីស្ថាន ព្រោះលោកស្រីសង្ស័យថាប៉ាគីស្ថានមានទំនាក់ទំនង ជាមួយនឹងក្រុមភេរវករ។

លោកស្រី Sushma Swaraj សង្កត់ក្នុងបញ្ហានេះថា «ក្នុងចំណោមពួកយើងមានប្រជាជាតិមួយចំនួន បានផ្គត់ផ្គង់និងជួយជ្រោមជ្រែងក្រុមភេរវករ ដូចច្នេះយើង ត្រូវតែបញ្ជាក់ឱ្យបានច្បាស់ពីប្រជាជាតិ ទំាងនេះនិងការទទួលខុសត្រូវរបស់ពួកគេ»។

គួររំលឹកថា កាលពីជាងមួយសប្ដាហ៍មុន ជនប្រដាប់អាវុធមួយក្រុម បានបើកការវាយប្រហារមកលើ មូលដ្ឋានយោធាមួយកន្លែងក្នុងតំបន់កាស្មៀរបស់ឥណ្ឌា ដោយបានសម្លាប់យោធាឥណ្ឌា១៨នាក់ ហើយដែលនេះគឺជា ការវាយប្រហារដ៏អាក្រ់បំផុតមួយក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ខណៈ ឥណ្ឌាបានចោទថាជនប្រដាប់អាវុធ ឬភេរវករ បានភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរប៉ាគីស្ថាន។

ទោះបីជាយ៉ាងនេះក្តីកាលពីថ្ងៃពុធ កន្លងទៅ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវ៉ាស់ សារីហ្វ បានធ្វើការរិះគន់យ៉ាងខ្លាំងប្រឆំាងនឹងឥណ្ឌា ដោយអះអាងថា ទីក្រុងញូដេលី ជាអ្នកបង្កើតឧបសគ្គ ក្នុងការឆ្ពោះទៅសន្តិភាពសម្រាប់តំបន់កាស្មៀ៕