(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Next Make ប្រទេសជប៉ុន ដើម្បីបង្កើតកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មានជប៉ុន (Japanese IT Pathway Program) ។ ភាពជាដៃគូនេះមានគោលបំណងផ្តល់ជូននិស្សិតនូវជំនាញបច្ចេកវិទ្យាព័ត៌មានកម្រិតខ្ពស់ និងពង្រីកឱកាសការងាររបស់ពួកគេ ដោយអនុញ្ញាតឱ្យពួកគេស្វែងរកឱកាសការងារនៅក្នុងប្រទេសជប៉ុនបាន។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ AUPP ក្រោមការអញ្ជើញចូលរួមជាសក្ខីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) និងអញ្ជើញរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្នជាប្រធានសមាគមជប៉ុន-កម្ពុជាថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ AUPP។
លោកបណ្ឌិត Malcom McIver សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានមានប្រសាសន៍ថា «ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង AUPP និងក្រុមហ៊ុន Next Make នៅថ្ងៃនេះ គឺជាកិច្ចដ៏សំខាន់មួយទៀតសម្រាប់សាកលវិទ្យាល័យ និងនិស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសនៅក្រៅប្រទេស និងសម្រាប់ភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការដែលមានរវាងកម្ពុជា និងជប៉ុន។ ពិធីចុះហត្ថលេខាថ្ងៃនេះបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ AUPP ក្នុងការធ្វើការជាមួយឧស្សាហកម្ម ហើយការប្តេជ្ញាចិត្តបន្តរបស់យើងក្នុងការផ្តល់ជូននិស្សិតរបស់យើងនូវឱកាសដើម្បីទទួលបានការងារ ដែលមានគុណភាពខ្ពស់ និងក្លាយជាអ្នកដឹកនាំដ៏ឆ្នើម»។
លោកបានបន្ថែមថា «ដោយឈរនូវចំណាត់ថ្នាក់លេខមួយលើពិភពលោកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រទេសជប៉ុនមានភាពល្បីល្បាញដោយសារសមត្ថភាពផ្នែកបច្ចេកវិទ្យា ជាមួយនឹងប្រវត្តិដ៏យូរលង់នៃការជំរុញបច្ចេកវិទ្យាឌីជីថលដ៏ពេញនិយម។ កិច្ចព្រមព្រៀងរបស់យើងជាមួយក្រុមហ៊ុន Next Make មិនត្រឹមតែផ្តល់ឱ្យនិស្សិតរបស់យើងនូវឱកាសសិក្សាពីបច្ចេកវិទ្យាឌីជីថលទំនើបៗរបស់ប្រទេសជប៉ុន ដែលនេះជាបទពិសោធន៍មួយដ៏មានតម្លៃ ជាពិសេសនិស្សិត AUPP ដែលបញ្ចប់ការសិក្សាក្នុងកម្មវិធីនេះ ត្រូវបានធានាថា ពួកគាត់នឹងមានឱកាសទទួលបានការងារធ្វើនៅប្រទេសជប៉ុន នៅពេលពួកគាត់បញ្ចប់ការសិក្សា»។
លោកបណ្ឌិត Malcom McIver បញ្ជាក់ថា «យើងប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតបន្ថែមទៀត។ យើងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូសាជីវកម្ម និងឧស្សាហកម្មរបស់យើង ដើម្បីធានាថាអ្នកដឹកនាំនាពេលអនាគតរបស់កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងវិស័យឧស្សាហកម្ម ដើម្បីរួមចំណែកដល់ប្រទេសកម្ពុជា និងពិភពលោក»។
ក្នុងពិធីចុះហត្ថលេខានេះ លោកឯកអគ្គរដ្ឋទូត អ៊ូអិណុ បានមានប្រសាសន៍ថា «វគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាទាំងនេះនឹងមានសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការត្រៀមខ្លួនរបស់ពួកគេសម្រាប់វិស័យឌីជីថលនាពេលអនាគត។ [... ] ទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជាបានឈានឡើងដល់ដំណាក់កាលថ្មីមួយចាប់តាំងពីការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរកាលពីឆ្នាំមុន។ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយយើងនឹងធ្វើការដើម្បីធានាថាភាពជាដៃគូនេះ នឹងមានទំនាក់ទំនងជាក់ស្តែង និងផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ»។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងពីសារៈសំខាន់នៃជំនាញឌីជីថល និងបរិវត្តកម្មឌីជីថលនៅកម្ពុជា ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ដ៏សំខាន់នេះពិតជាសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការជំរុញរបៀបវារៈរបស់ប្រទេសកម្ពុជា ស្តីពីការជំរុញធនធានមនុស្សក្នុងវិស័យឌីជីថល។ [... ] ដូចដែលលោកប្រធានសមាគមជប៉ុន-កម្ពុជាបានលើកឡើង ប្រទេសជប៉ុននឹងត្រូវការបុគ្គលិកបរទេសរាប់សែននាក់ ដើម្បីបំពេញនូវបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត ទិន្នន័យវិទ្យាសាស្ដ្រ អ៊ីនធឺណែត ប្លុកឆេន ជាដើមនៅឆ្នាំ២០៣០។ ដូច្នេះ ដើម្បីបំពេញតាមគោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ វាបានក្លាយជាឱកាសការងារសម្រាប់អ្នកជំនាញនៅបរទេស ជាពិសេសនៅតំបន់អាស៊ី ដូចជាប្រទេសកម្ពុជា»។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា គោលបំណងនៃភាពជាដែគូនេះគឺដើម្បីបង្កើតសម្ព័ន្ធផលិតភាពរវាងសាកលវិទ្យាល័យ AUPP និងក្រុមហ៊ុន Next Make ក្នុងគោលបំណងជំរុញទំនាក់ទំនងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈការដោះស្រាយបញ្ហាកង្វះខាតអ្នកជំនាញផ្នែកបណ្តុះបណ្ដាលបច្ចេកវិទ្យា អ្នកជំនាញបច្ចេកវិទ្យា នៅក្នុងសេដ្ឋកិច្ចជប៉ុន និងការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាសម្រាប់អ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជានាពេលខាងមុខ ដែលជាសមាសធាតុសំខាន់នៃការរីកចម្រើនជាតិរបស់កម្ពុជា។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «ភាពជាដៃគូដែលបង្កើតឡើងដោយសាកលវិទ្យាល័យ AUPP និងក្រុមហ៊ុន Next Make បង្កើតជាមាគ៌ាអប់រំសម្រាប់សិស្សានុសិស្សដែលមានគោលបំណងទទួលបានជំនាញទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន ដែលមានសារៈសំខាន់សម្រាប់វិស័យឯកជនរបស់ប្រទេសជប៉ុន។ វាមិនត្រឹមតែជួយសម្រួលដល់ការរំពឹងទុកឱកាសការងារសម្រាប់និស្សិតដែលបញ្ចប់ការសិក្សានៅកម្ពុជា ដើម្បីទទួលបានការងារដែលមានប្រាក់ខែល្អនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្នុងការជំរុញជំនាញឌីជីថលរបស់ប្រជាជនកម្ពុជាផងដែរ។ នៅកម្រិតថ្នាក់ជាតិ ការអភិវឌ្ឍមូលធនមនុស្សឌីជីថលដ៏រឹងមាំក្នុងការគាំទ្របរិវត្តកម្មឌីជីថល ធុរកិច្ច និងប្រជាពលរដ្ឋ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់កម្ពុជា»។
នៅក្នុងសុន្ទរកថានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជឿជាក់ថា ភាពជាដៃគូនឹងក្លាយជាសមិទ្ធផលគំរូមួយ ដែលនឹងជំរុញការអភិវឌ្ឍការអប់រំតាមប្រព័ន្ធឌីជីថល ជាមួយនឹងវិធីសាស្រ្តសកម្ម និងដោយបើកចំហ ដើម្បីគាំទ្រដល់បរិវត្តកម្មឌីជីថលនៅកម្ពុជា។
អំពី Japanese IT Pathway Program
កម្មវិធី Japanese IT Pathway Program ត្រូវបានបង្កើតឡើងសម្រាប់និស្សិតឆ្នាំទី៣ និងមានរយៈពេល ២ឆ្នាំ។ នៅឆ្នាំដំបូង និស្សិតនឹងផ្តោតលើវគ្គសិក្សាភាសាជប៉ុន ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទំនាក់ទំនង ការសរសេរ និងការស្តាប់។ នៅឆ្នាំទី២ ពួកគេនឹងឈានទៅវគ្គបណ្តុះបណ្តាលផ្ទាល់ផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសជប៉ុន ដែលពួកគេនឹងទទួលបាននូវជំនាញដែលទាក់ទងនឹងជំនាញឧស្សាហកម្ម។
កម្មវិធីនេះមានគោលបំណងរៀបចំនិស្សិតឱ្យទទួលបានការងារភ្លាមៗនៅក្នុងក្រុមហ៊ុនជប៉ុនបន្ទាប់ពីបញ្ចប់កម្មវិធីដោយជោគជ័យ។ កម្មវិធីសិក្សាសង្កត់ធ្ងន់លើការអភិវឌ្ឍជំនាញ កម្រិតខ្ពស់ ការចូលរួមយ៉ាងសកម្មក្នុងគម្រោងជប៉ុន និងការទទួលបានវិញ្ញាបនប័ត្រជំនាញភាសាជប៉ុននៅកម្រិត N3 និង N2។
អំពី Next Make
ក្រុមហ៊ុន Next Make Co., Ltd. ដែលបង្កើតឡើងនៅឆ្នាំ២០១៨ មានឯកទេសលើសេវាកម្មជាច្រើនទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន រួមទាំងការអភិវឌ្ឍផលិតផលប្រព័ន្ធ និងការលក់ ការផលិតគេហទំព័រ ការអភិវឌ្ឍកម្មវិធីស្មាតហ្វូន និងការរចនាហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនក៏ផ្តល់ជូននូវការផលិតវីដេអូ សេវាកម្មឌីហ្សាញ ការបកប្រែ (ភាសាអង់គ្លេស វៀតណាម ខ្មែរ) ការគ្រប់គ្រង SNS ការផ្តល់មូលនិធិ kitting និងការជួសជុលកុំព្យូទ័រ។ ក្រុមហ៊ុន Next Make គាំទ្រដល់ការបង្កើតឱកាសថ្មីៗ និងការបន្តឆ្ពោះទៅមុខក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕