(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសចេញផ្សាយ និងបោះពុម្ព ជាកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » ចំនួន ២០,០០០ច្បាប់រួចមក, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយកមកធ្វើការចែកជូនដោយឥតគិតថ្លៃដល់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន មកពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណជាង ៦០នាក់ ដែលបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការ នៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មានរៀបចំ« ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » នេះឡើងដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត ហើយយកទៅអនុវត្ត ក្នុងគោល បំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។
នាកាសនោះដែរ លោករដ្ឋមន្ត្រី បានលើកឡើងថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» គឺជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកទៅធ្វើជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តសម្រាប់សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។
គូសបញ្ជាក់ដែរថា ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយនិងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
វិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។
ក្រោយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ សមាគមសារព័ត៌មានជាច្រើបានបង្ហាញពីការគាំទ្រដោយបានលើកឡើងថា មូលដ្ឋានគ្រឹះនៃធម្មនុញ្ញាវិជ្ជាជីវៈសារព័ត៌មាននេះ បានបង្ហាញនូវខ្លឹមសារដ៏សំខាន់ពាក់ព័ន្ធជាមួយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានសម្រាប់យកទៅអនុវត្តក្នុងបេសកកម្មប្រកបអាជីពក្នុងវិស័យសារព័ត៌មាន ដើម្បីធ្វើការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព៕