(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានទទួលអំណោយ អង្ករចំនួន ២០តោន ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងចំនួន ៥តោនទៀត ពីមន្ទីរសម្រាកព្យាបាលកម្ពុជា។
ពិធីប្រគល់នឹងទទួលនេះ រៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានមានប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភ ជាបន្តបន្ទាប់ ដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំក្នុងទិវា ៨ ឧសភា និងនៅក្នុងឱកាសផ្សេងៗទៀត។ ជាក់ស្តែងអំណោយអង្ករ ខាងលើនេះ ជាការឆ្លើយតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់តម្លៃស្រូវ-អង្ករខ្មែរក៏ដូចជាជួយ គាំទ្រដល់កសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពិសេសជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ តាមរយៈកាកបាទក្រហម កម្ពុជា។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ នាំយកអង្ករមកជូនកាកបាទក្រហមកម្ពុជា ដើម្បីចែកចាយបន្តជូនដល់ប្រជាពលរដ្ឋរងគ្រោះ នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពេញចិត្តចូលរួមគាំទ្រជានិច្ច តាមការអំពាវនាវរបស់កាកបាទ ក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ចំណែកឯ លោក ហោ សំណាង អគ្គនាយក មន្ទីរសម្រាកព្យាបាលកម្ពុជា ក៏បានថ្លែងថា អំណោយនេះ បានសំដែងចេញពីទឹកចិត្ត និងឆ្លើយតបទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលការលំបាករបស់ប្រជាកសិករ ពិសេសចូលរួម គាំទ្រជានិច្ចដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ព្រមទាំងបន្តការជួយឧបត្ថម្ភនេះ ទៅតាមសមត្ថភាពនិងលទ្ធភាព ជាក់ស្តែង៕