(ភ្នំពេញ)៖ អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍ខេត្តទាំង៤ឱ្យកាន់តែរីកចម្រើន។
អ្នកឧកញ៉ា សំ សុខនឿន ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៥,០០០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន មានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ននៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ នឹងក្លាយជាផ្នែកមួយទាក់ទាញវិនិយោគិន ឱ្យទៅបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់នោះ ដែលនឹងធ្វើជីវភាពរបស់ប្រជាជននៅតំបន់មានភាពរីកចម្រើន មានការងារធ្វើ និងមិនចំណាកស្រុក។
លោកបានកត់សម្គាល់ថា ខេត្តស្ថិតនៅតាមបណ្តាយព្រំដែនទាំង៤នេះ គឺជាខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ ហេតុនេះអ្នកវិនិយោគគួរតែសិក្សាក្នុងការវិនិយោគទៅលើការបង្កើតកន្លែងលេងកម្សាន្ត អភិវឌ្ឍន៍ទៅជារមនីយដ្ឋាន និងកន្លែងស្នាក់នៅឱ្យបានច្រើន ដើម្បីជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តបានច្រើនកុះករ។ នៅពេលដែលទីនោះ មានមនុស្សទៅច្រើន នឹងធ្វើឱ្យធ្វើឱ្យអាជីវកម្មនៅតាមតំបន់កាន់តែរីកចម្រើន តម្លៃដីធ្លីក៏កើនឡើងផងដែរ។
លោកបានបង្ហាញអារម្មណ៍រីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចូលរួមបរិច្ចាគយ៉ាងច្រើនកុះករ រាប់តាំងពីបងប្អូនកសិករ អាជីវករ កម្មករ កម្មការិនី ពលករនៅតាមបណ្តាប្រទេសនានា ទៅតាមលទ្ធភាពរបស់ពួកគាត់ ដែលបង្ហាញពីស្មារតី ស្រលាញ់ជាតិ ស្នេហាជាតិ និងចង់ឃើញប្រទេសជាតិរីកចម្រើន នៅតាមតំបន់តាមព្រំដែន។
សូមជម្រាបថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕