(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមបែងចែកក្រុមការងារ សម្រាប់ទទួលដំណើរកំសាន្តរបស់ប្រជាពលរដ្ឋយុវជន និងសិស្សនិស្សិតដែលមកទស្សនកិច្ច និងសិក្សាស្វែងយល់នៅតាមតំបន់ព្រំដែន ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។
លោក វ៉ា ថន បានបញ្ជាក់ថា រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំត្រៀម ក្នុងការបែងចែកក្រុមការងារដឹកនាំសម្របសម្រួល ដល់ដំណើរទស្សនកិច្ច ឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំ របស់រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញ គោលការណ៍រៀបចំកម្មវិធីដំណើរកម្សាន្តជូនប្រជាពលរដ្ឋ និងយុវជនទៅកាន់ខេត្តក្រចេះ-ស្ទឹងត្រែង-មណ្ឌលគិរី និងរតនគិរី ដោយឥតថ្លៃរៀងរាល់ ចុងសប្ដាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីពួកគាត់បានទស្សនាពីទិដ្ឋភាព នៃការអភិវឌ្ឍ ក៏ដូចជាការរស់នៅរបស់ប្រជាជនជាក់ស្ដែង នៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម ។
លោកអភិបាលខេត្ត បន្តថា ការរៀបចំដំណើរកម្សាន្តនេះ គឺមានបំណងលុបបំបាត់មន្ទិលសង្ស័យ របស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចបាត់ បង់ទឹកដីទៅប្រទេសវៀតណាម ប៉ុន្តែរដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះ ជាឧត្តមប្រយោជន៍ជាតិជាពិសេស នាំមកនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី។
ក្នុងនោះ លោកអភិបាលខេត្ដ ក៏បានបញ្ជាក់អំពីការបរិច្ចាកថវិកា សម្រាប់ចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋា រចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាស ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាពអធិបតេយ្យភាពនិងបូរណភាព ទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំប្រកបដោយចីរភាពផងដែរ៕