(ភ្នំពេញ)៖ អតីតសិស្សម្នាក់ដែលបានបោះបង់ការសិក្សានៅត្រឹមថ្នាក់វិទ្យាល័យ យុវជន ចាន់ សំរ៉ុង បាននិងកំពុងខិតខំប្រឹងប្រែងស្រវ៉ាចាប់យកជំនាញខាងអគ្គិសនី ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តតាកែវ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនលទ្ធភាពក្នុងការរកចំណូលបន្ថែម។
យុវជន ចាន់ សំរ៉ុង វ័យ ១៦ឆ្នាំ កំពុងសិក្សាជំនាញខាងអគ្គីសនី បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា ដោយសារតែខ្លួនរៀន នៅវិទ្យាល័យមិនសូវពូកែ ហើយមិនអាចចាប់យកជំនាញផ្សេងទៀតបាន ក៏សម្រេចចិត្តបោះបង់ការសិក្សាទាំងស្ដាយស្រណោះត្រឹមថ្នាក់១០ នៅខេត្តតាកែវ។ ក្រោយពីបោះបង់ការសិក្សា សំរ៉ុង ហាក់ដូចជារស់នៅក្នុងភាពខ្វះជាតិអ្វីម្យ៉ាង ពោលគឺខ្វះការសិក្សា និងខ្វះជំនាញប្រចាំជីវិតរបស់គេ។ ក្រោយមានការលើកទឹកចិត្តពីមិត្តភក្ដិ និងឱពុកម្ដាយ សំរ៉ុង បានសម្រេចចិត្តមកចុះឈ្មោះចូលរៀនជំនាញខាងអគ្ដិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តតាកែវ។
យុវជនរូបនេះបានបន្តថា៖ «ប្រសិនបើខ្ញុំរៀនចប់បាក់ឌុប ក៏គ្រួសារខ្ញុំមិនមានលទ្ធភាពឱ្យខ្ញុំរៀនបន្តនៅមហាវិទ្យាល័យដែរ ហើយវាបូករួមទាំងប្រាជ្ញាស្មារតីរបស់ ខ្ញុំមិនសូវចាប់ បាននូវការសិក្សាជំនាញផ្សេងៗផង។ ខ្ញុំក៏បោះបង់ការសិក្សានៅវិទ្យាល័យតែម្ដង ប៉ុន្ដែខ្ញុំមករៀនជំនាញនៅទីនេះ គឺខ្ញុំក៏អាចមានឱកាសច្រើន ក្នុងការរកប្រាក់ចំណូល ព្រោះត្រូវចំណាយសិក្សាខ្លីដែរ»។
បន្ថែមពីនេះ យុវជន ចាន់ សំរ៉ុង បានតស៊ូសិក្សារៀនសូត្រយ៉ាងខ្លាំង ដោយសារគិតក្នុងចិត្តថា នេះជាឱកាសចុងក្រោយសម្រាប់ការសិក្សារបស់ខ្លួន។ សំរ៉ុង ក៏មានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀតដែរ ប៉ុន្ដែភ្លាមៗនោះ នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ។ យុវជនរូបនេះបានបន្តទៀតថា បើទោះបីជាខ្លួនមិនទាន់មានលទ្ធភាពបង្កើតក្រុមការងារជាងតម្លើងអគ្គិសនីជាលក្ខណៈធំដុំ ប៉ុន្ដែខ្លួនគេមានលទ្ធភាពធ្វើការងារសមរម្យ និងទទួលបានប្រាក់ចំណូលខ្ពស់ដែរ។ សំរ៉ុង នៅតែមានមហិច្ឆតាចង់សិក្សាជំនាញខាងអគ្គិសនីឱ្យបានច្រើនជាងនេះ ព្រោះខ្លួននៅវ័យក្មេងនៅឡើយ។
ជាងទៅទៀត យុវជន ចាន់ សំរ៉ុង នៅតែមានក្ដីសង្ឃឹមជានិច្ច និងមិនបោះបង់ក្ដីស្រមៃរបស់ខ្លួន ដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ ហើយខ្លួននឹងបន្តខិតខំប្រឹងប្រែង ក្នុងការសិក្សាជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើជាស្ពានចម្លងអនាគតខ្លួនផង ក្រុមគ្រួសារផង និងធ្វើជាយុវជនគំរូនៅក្នុងសង្គមជាតិ៕