(មណ្ឌលគីរី)៖ លោក កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ខ្ពស់ដល់សង្គមស៊ីវិលជាដៃគូដ៏សំខាន់ជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។ នេះបើតាមការលើកឡើងរបស់លោក កឹមរ័ត្ន វិសិដ្ឋ នៅក្នុងវេទិកា សន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តមណ្ឌលគីរី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ រៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) ដោយមានការចូលរួមពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី រួមទាំងអង្គការស៊ីវិលនៅក្នុងខេត្ត។
វេទិកានេះមានគោលបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅតាមមូលដ្ឋានរបស់ខ្លួននិងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្តមណ្ឌលគីរីផងដែរ។
សម្រាប់ឆ្នាំ២០២៤នេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» រួមទាំងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីប្រធាន ប.ស.ស. ប្រចាំខេត្តមណ្ឌលគីរី។
អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិលដែលបានចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះដែលផ្តល់ឱកាសឱ្យពួកគាត់ ទទួលបាននូវ បទពិសោធន៍ ពុទ្ធិថ្មីៗ និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។
អង្គការសង្គមស៊ីវិលក្នុងខេត្តមណ្ឌលគីរី បានសំដែងការគាំទ្រ និងសំដែងនូវក្តីរីករាយចំពោះ កិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម CLV-DTA។ ពួកគាត់ក៏បានប្រកាសគាំទ្រចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធនានានៅតាមបណ្តាខេត្តនៅតាម បណ្តោយព្រំដែន ដើម្បីបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស អាចចូលរួមដោយផ្ទាល់ក្នុងបុព្វហេតុការពារជាតិ អភិវឌ្ឍជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។
ក្នុងនោះលោក កឹមរ័ត្ន វិសិដ្ឋ ក៏បានក្រើនរំលឹកអង្គការសង្គមស៊ីវិលកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA) នេះឲ្យសោះដោយសារថាគម្រោងនេះមានគោលបំណងសំខាន់តែមួយគត់គឺជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលផ្សព្វផ្សាយបន្តតាមបណ្តាញសង្គមនានា ហើយជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបអំពី អត្ថប្រយោជន៍នៃគម្រោងអភិវឌ្ឍ CLV-DTA ហើយចូលរួមគាំទ្រដល់មូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងខេត្តនៅតាមបណ្តោយព្រំដែននេះផង។
ប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិល បន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន ហើយក៏បានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០៕