(ភ្នំពេញ)៖ ដោយទទួលបានអនុសាសន៍ណែនាំពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ប្រតិភូអន្តរក្រសួង ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះត្រួតពិនិត្យនៅតាមច្រកចេញចូលអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ ការនាំចូលជំងឺអឹមផកចូលមកកម្ពុជា។
ការចុះត្រួតពិនិត្យរួមគ្នាក៏មានការចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល, តំណាងអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍, តំណាងក្រុមហ៊ុន បារាំង និងសហការី, តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC ព្រមទាំងក្រុមការងារចត្តាទ្បីស័កប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានបង្ហាញពីសេចក្ដីព្រួយបារម្មណ៍ ដែលបានលើកឡើងដោយលោកសាស្រ្តាចារ្យរដ្ឋមន្រ្ដី ឈាង រ៉ា អំពីការរីករាលដាល របស់ជំងឺអឹមផកប្រភេទថ្មី (Clade 1b) ដែលកំពុងរីករាលដាលនៅក្នុងតំបន់អាហ្វ្រិក ដែលត្រូវបានអង្គការសុខភាពពិភពលោកប្រកាសអាសន្ដអំពីការរាតត្បាតជំងឺនេះ និងបានរាយការណ៍មួយករណីប្រភេទថ្មី (Clade 1b) នៅក្នុងព្រះរាជាណាចក្រថៃ ក្នុងពេលថ្មីៗនេះផងដែរ។
ដូច្នេះគោលបំណងនៃការចុះត្រួតពិនិត្យនេះ គឺដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ ការនាំចូលជំងឺអឹមផក ( MPOX clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើន រំលឹកដល់អ្នកដំណើរទាំងអស់ផងដែរ។ លើសពីនោះគឺពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្គតតាមដានរាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។
លោកស្រី យក់ សម្បត្ដិបានបញ្ជាក់ទៀតថា «ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំ ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។
លោកស្រីបន្ដថា នៅក្នុងក្រសួងក៏បានឯកភាពបន្ថែមម៉ាស៊ីនស្កែនកំដៅ និងរៀបចំតំទ្បើងរូបភាព សារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ជូនដល់គ្រប់អ្នកដំណើរ ស្តីពី «ជំងឺ MPOX» ផងដែរ៕