(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ច តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយក្នុងដំណើរទស្សនកិច្ចនេះ បានបង្ហាញថា គម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ ពិតជាបាននិងកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនពិតប្រាកដ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សូមអបអរសាទរ និងគាំទ្រកិច្ចសហប្រតិបត្តការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយបានយល់ច្បាស់ពីទិសដៅអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលក្នុងការផ្ដួចផ្ដើមគម្រោងនេះ ចាប់តាំងពីឆ្នាំ ១៩៩៩ មក យើងក៏សង្កេតឃើញថា គម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ គឺពិតជាបាននិងកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនពិតប្រាកដមែន។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងដឹកនាំសហគ្រិនវ័យក្មេង ចុះធ្វើទស្សនកិច្ចទៅកាន់តំបន់ ត្រីកោណអភិវឌ្ឍន៍នាចុងខែ វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីបង្កើតឱកាសវិនិយោគ តាមរយៈការសិក្សាឱ្យបានលម្អិតអំពីកាលានុវត្តភាពនៃតំបន់នេះ ជូនដល់សមាជិកសមាជិកា ទូទាំងរាជធានីខេត្ត។
បេសកកម្មទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ២ជាចម្បង៖
១៖ សិក្សាពីលទ្ធភាព និងឱកាសវិនិយោគនៅលើតំបន់ណាមួយក្នុងខេត្តទាំងបួនរួមមាន រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ព្រមទាំងប្រមូលទិន្ន័យ ដើម្បីចងក្រងជាឯកសារមគ្គុទេសក៍វិនិយោគ ក្នុងការយកទៅផ្សព្វផ្សាយពី សក្ដានុពលនៃតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅកាន់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស ដើម្បីទាក់ទាញការវិនិយោគទៅក្នុងតំបន់នេះឱ្យកាន់តែច្រើនបន្ថែមទៀត។
២ ៖ ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទិសដៅ អភិវឌ្ឍន៍របស់ខេត្តនីមួយៗ និងកសាងបណ្ដាញម្ចាស់អាជីវកម្ម ដែលកំពុងប្រកបរបរក្នុងខេត្តទាំងបួន ដើម្បីរួមសហការគ្នាសិក្សាពីលទ្ធភាព ក្នុងការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី បន្ថែមលើ សាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តក្រចេះ ដែលមានស្រាប់ ដើម្បីកសាងបណ្ដាញសហគ្រិន និងម្ចាស់អាជីវកម្ម រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងខេត្តទាំងបួន។ ស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍ត្រីកោណឱ្យកាន់តែប្រសើរឡើង។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនឹងអាចបង្ហាញពីឱកាសវិនិយោគ ព្រមទាំងកៀរគរម្ចាស់អាជីវកម្មក្នុងខេត្តទាំងបួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់នេះ ឱ្យកាន់តែប្រសើរ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕