(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនីតិវិធីចំនួន៥ចំណុចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូងដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ពេញលេញពីនិយោជក។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា នីតិវិធីទាំង៥នោះរួមមាន៖
* ទី១៖ ការប្រឡងតេស្តសមត្ថភាព បេក្ខជនត្រូវឆ្លងកាត់ប្រឡងតេស្តសមត្ថភាព២ដំណាក់កាល ក្នុងនោះមានការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េតាមប្រព័ន្ធកុំព្យូទ័រមានរយៈពេល ៥០នាទី ចែកចេញជា ២វិញ្ញាសាគឺ វិញ្ញាសាអាន២៥នាទី និងវិញ្ញាសាស្តាប់ ២៥នាទី។ វិញ្ញាសាប្រឡង និងកំណែវិញ្ញាសាត្រូវបានចងក្រងផលិតដោយ HRD-Korea តាមរយៈប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំនាញ និងវាយតម្លៃសមត្ថភាព គឺធ្វើឡើងបន្ទាប់ពីការប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េ ការប្រឡងមាន ៣វិញ្ញាសាដូចជា តេស្តជំនាញមូលដ្ឋាន តេស្តកាយសម្បទា និងសម្ភាសជាភាសាកូរ៉េ។
* ទី២៖ បេក្ខជនត្រូវដាក់ពាក្យស្វែងរការងារតាមប្រព័ន្ធ SPAS ដែលសុពលភាពនៃការដាក់ពាក្យស្វែងរកការងារមានរយៈពេល២ឆ្នាំ គិតចាប់ពីលទ្ធផលជាប់ស្ថាពរបេក្ខជន អាចតាមដានដំណើរការអន្តោប្រវេសន៍តាមរយៈគេហទំព័ររបស់ HRD-Korea (WWW.eops.og.kr) ក្រោយដាក់ពាក្យរយៈពេល៣០ថ្ងៃ បេក្ខជនត្រូវភ្ជាប់មកជាមួយ ពាក្យសុំស្វែងរកការងារធ្វើ, វិញ្ញាបនបត្រពិនិត្យសុខភាព(ពេទ្យការងារ), លិខិតឆ្លងដែនច្បាប់ដើម, សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតច្បាប់ដើម, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លង, លេខគណនីធនាគារផ្ទាល់ខ្លួននៅកម្ពុជា, អត្តសញ្ញាណប័ណ្ណច្បាប់ដើម, បង្កាន់ដៃសុំសិទ្ធិប្រឡង, រូបថត (ផ្ទៃខាងក្រោយពណ៍ស), ឆ្លងកាត់ស្កេនក្រយៅដៃ។
*ទី៣៖ ការទទួលកិច្ចសន្យាការងារពីនិយោជកកូរ៉េ៖ និយោជកកូរ៉េជ្រើសរើសពលករបរទេសតាមប្រព័ន្ធកុំព្យូទ័រមិនអាចបញ្ជាក់ចំឈ្មោះពលករណាមួយឡើយ។ ការជ្រើសរើសធ្វើឡើងដោយតម្លាភាព ពុំមានបុគ្គល ឬអង្គភាពណាមួយជួយឱ្យធ្លាក់ឈ្មោះបានឡើយ។ និយោជកកូរ៉េជ្រើសរើសពលកររួច ប៉ុន្តែនិយោជកកូរ៉េមិនបានរៀបចំឯកសារគ្រប់គ្រន់ ឈ្មោះនឹងត្រូវដាក់ចូលក្នុងបញ្ជីស្វែងរកការងារធ្វើឡើងវិញ។ ពលករត្រូវមកចុះកិច្ចសន្យាការងារក្នុងរយៈពេល ០១សប្តាហ៍គិតចាប់ថ្ងៃទទួលបានការជូនដំណឹងស្តីពីកិច្ចសន្យាការងារពី គ.ប.ប.ព.ប។ ពេលមកពិនិត្យលក្ខខណ្ឌការងារ និងចុះកិច្ចសន្យាការងារបេក្ខជនត្រូវភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែនច្បាប់ដើម និងថតចម្លងពណ៍ធម្មជាតិ ០៨ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ,សេចក្តីចម្លងសំបុត្រកំណើតច្បាប់ដើម, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លង, រូបថត (ផ្ទៃខាងក្រោយពណ៍ស)។
*ទី៤៖ ការចេញដំណើររបស់បេក្ខជន៖ ក្រោយចុះកិច្ចសន្យា និងរៀបចំឯកសាររយៈពេល ៤៥ថ្ងៃ ទៅ៦០ថ្ងៃ គ.ប.ប.ព.ប សហការជាមួយ HRD-Korea នឹងរៀបចំសម្របសម្រួលការចេញដំណើររបស់ពលករ។ បេក្ខជនត្រូវភ្ជាប់មកជាមួយវិញ្ញាបនបត្របញ្ជាក់វគ្គបណ្តុះបណ្តាល, ព្រឹត្តិបត្រថ្កោលទោស, ទិដ្ឋាការ(E-9) ពីស្ថានទូតកូរ៉េ, វិញ្ញាបនបត្រពិនិត្យសុខភាព, គណនីធនាគារផ្ទាល់ខ្លួន(ថតចម្លង)។
*ទី៥៖ ការគាំពារ និងការធ្វើមាតុភូមិនិវត្តន៍៖ បេក្ខជនទទួលលិខិតបញ្ជាក់ការងារពីនិយោជក, ទូទាត់ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗ។ ពលករវិលត្រលប់មកប្រទេសកម្ពុជាវិញ ត្រូវរាយការណ៍អំពីការវិលត្រឡប់មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បន្ថែមពីនីតិវិធីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់ដែរថា ករណីបេក្ខជន ឬពលករមានចម្ងល់ សូមទំនាក់ទំនងទៅកាន់ប្រព័ន្ធទូរសព្ទ 011 383 735 ឬ 012 466 222 ឬទៅកាន់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ តាមរយៈលេខ +82-10-5129-1975។
សូមជម្រាបថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករទៅធ្វើការសាធារណរដ្ឋកូរ៉េ មានចំនួនជាង៤៥០០០នាក់ (ស្រីជាង ១០០០០នាក់)។ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ ពលករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសទទួលនីមួយៗ។
ជាមួយគ្នានេះរៀងរាល់ឆ្នាំ ពលករធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្រុមគ្រួសារជាមធ្យមមានចំនួនសរុបប្រមាណជាង ២,៩ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដែលទាំងនេះមិនត្រឹមតែជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕