(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតស្នើសុំសហភាពការងារកម្ពុជា និងនិយោជក ថៅកែ រោងចក្រ សហគ្រាសទាំងអស់ អនុញ្ញាតឱ្យកម្មករ-កម្មការិនី និយោជិត បានទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើត ក៏ដូចជាឃុំ-សង្កាត់ ដែលពួកគាត់រស់នៅជាក់ស្ដែង ឱ្យបានគ្រប់ៗគ្នា។
ក្នុងលិខិតរបស់ គ.ជ.ប បញ្ជាក់ប្រាប់សហភាពការងារកម្ពុជាថា «គ.ជ.ប ស្នើឱ្យសហភាពការងារកម្ពុជា ក៏ដូចជាសហជីពផ្សេងៗទៀត សហការសម្របសម្រួលជាមួយម្ចាស់ និងនិយោជកសហគ្រាស គ្រឹះស្ថានទាំងអស់ ដើម្បីឱ្យកម្មករនិយោជិត បានទៅចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ គ្រប់ៗគ្នា»។
សូមជម្រាបថា គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ គ.ជ.ប បានបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរចំនួន ៣,៥៤៦,២៨៧នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត៕