(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក កែវ រតនៈ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យសង្វាក់ផលិតកម្មដំណាំចេក និងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ក្រុមហ៊ុន «ឡុងស្រេង» ប្រមាណ១.៥៧០នាក់ ស្ថិតនៅក្នុងឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន ឡុង ស្រេង បានឲ្យដឹងថា ក្រុមហ៊ុនមានផ្ទៃដីសរុបជិត ៧០០០ហិកតា ក្នុងនោះផ្ទៃដីចម្ការ កៅស៊ូ ជាង ៣០០០ ហិចតា ផ្ទៃដីចំការចេក មានជាង ២០០០ហិកតា ផ្ទៃដីដាំធុរេនមានជាង ៥០០ ហិចតា ផ្ទៃដីចម្ការតាង៉ែន ២០០ ហិកតា និងផ្ទៃដីដាំកហរូចថ្លុងមាន ៧០ហិកតា។ ទន្ទឹមនឹងនេះ ការនាំចេញកៅស៊ូបានប្រមាណជា ៤៥០០តោន និងចេក ៩ម៉ឺនតោន ក្នុង១ឆ្នាំ ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា ក្រោយពីការចុះពិនិត្យសង្វាក់ផលិតកម្មការងារកសិកម្មរបស់ក្រុមហ៊ុន ឡុង ស្រេង លោកនឹងប្រមូលទិន្នន័យ ដើម្បីពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន ដើម្បីធ្វើឲ្យផលិតផល កាន់តែមានគុណភាព នាំចូលទីផ្សារ ជាពិសេសទីផ្សារក្រៅប្រទេស ឲ្យបានច្រើន ក្នុងគោលបំណង ឲ្យក្រុមហ៊ុនមានចំណូលច្រើន និងមានលទ្ធភាព ក្នុងការដំឡើងប្រាក់ខែ ជូនបុគ្គលិក កម្មករ លើសប្រាក់ខែបច្ចុប្បន្ន។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបុគ្គលិកកម្មករទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នា ដើម្បីជួយជ្រោងក្រុមហ៊ុន ឱ្យមានដំណើរការល្អ ធ្វើឱ្យផលិតផលរបស់យើងកាន់តែទូលាយ នាំចេញទៅកាន់ទីផ្សារ ពិភពលោក ដែលទាំងនេះ ជាគោលដៅការពារការងារ និងពង្រីកការងាររបស់បងប្អូន ដើម្បីទទួលបានការលើងប្រាក់ខែខ្ពស់៕