(ព្រះសីហនុ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវ និងទុកពេលឲ្យតែ១ខែទៀតប៉ុណ្ណោះរាល់ក្រុមហ៊ុន ឬទីតាំងដែលមានឧបករណ៍ល្បែងខុសច្បាប់ ត្រូវយកមកកម្ទេចចោលដោយខ្លួនឯង ព្រមទាំងមានការដឹងឮពីអគ្គលេខាធិការដ្ឋាន (គ.ល.ក) ក៏ដូចជាអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដោយពោលធ្វើបែបនេះដើម្បីបញ្ជាក់ឲ្យដឹងថា ឧបករណ៍ល្បែងប្រើប្រាស់តទៅថ្ងៃមុខគឺសុទ្ធតែស្រប់ច្បាប់។
លោក រស់ ភីរុណ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្នុងកម្មពិធី «កម្ទេចឧបករណ៍ល្បែងខុសច្បាប់នៅខេត្តព្រះសីហនុ» ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៅថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងម្ចាស់ក្រុមហ៊ុនល្បែងក្នុងខេត្តជាច្រើនរូប នៅភូមិគរគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក រស់ ភីរុណ បានថ្លែងថា រាល់ឧបករណ៍ និងកម្មពិធីល្បែងដែលអាចដំណើការបានលុះត្រាតែបានចុះបញ្ជើរអគ្គលេខាធិការដ្ឋាន (គ.ល.ក)។ លោកបន្តថា នាពេលកន្លងមកឧបករណ៍ ឬកម្មពិធីល្បែងទាំងនោះមានការប្រើប្រាស់ ទូលំទូលាយ ដោយមិនទាន់ត្រូបានចុះបញ្ជើនោះទេ នោះដោយសារតែមិនទាន់មានលិខិតបទដ្ឋានគត្តិយុត្តសម្រាប់ដាក់អនុវត្ត ប៉ុន្តែក្រោយពេលដែលច្បាប់ស្តីពីគ្រប់គ្រងល្បែងពាណិជ្ជកម្មត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ ត្រូវបានប្រកាសផ្សព្វផ្សាយជូនដំណឹងផ្សេងៗដើម្បីធ្វើយ៉ាងណាជំរុញឲ្យប្រត្តិប្បករណ៍ទាំងនោះដែលបានដាក់ដំណើរការមុនច្បាប់នោះយកទៅចុះបញ្ជើ។
លោកបន្ថែមទៀតថា ក្រៅតែពីជំរុញឲ្យយកឧបករណ៍ល្បែងទៅចុះបញ្ជើនោះ គណៈកម្មការគ្រប់គ្រងល្បែងក៏បានអនុគ្រោះក្នុងការចុះបញ្ជីនេះរហូតដល់ថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២៤ ពោលរយៈពេលអនុគ្រោះនេះមានពេលជិត ៤ឆ្នាំ ដូចបានជំរាបជូនខាងលើឧបករណ៍ដែលនៅសេះសល់ ឬមិនអាចចុះបញ្ជើបានក្រោយថ្ងៃទី១៥ ខែកក្ដដាកន្លងទៅគឺសុទ្ធតែខុសច្បាប់ដូច្នេះក្រុមហ៊ុន និងប្រត្តិប្បត្តករណ៍ត្រូវរុះរើយកមកកម្ទេចចោលឲ្យអស់ចៀសវាង មានការចុះអនុវត្តច្បាប់ និងផាកពិន័យ។
លោក រស់ ភីរុណ បានគូសបញ្ជាក់ថា ការរៀបចំពិធីកម្ទេចឧបករណ៍ល្បែងខុសច្បាប់នេះ មានគោលបំណងបង្ហាញអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យល្បែងពាណិជ្ជកម្ម និងការអនុវត្តក្របខ័ណ្ឌការងារពាក់ព័ន្ធនឹងការគ្រប់គ្រង និងត្រួតពិនិត្យលើឧបករណ៍ ឬកម្មវិធីល្បែងដែលជាសមត្ថកិច្ចរបស់គណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជា (គ.ល.ក)។
លោកបន្តថា ក្នុងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម គណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជា ដែលហៅកាត់ថា (គ.ល.ក.) ត្រូវបានបង្កើតឡើង តាមរយៈច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មមានសមាសភាពចំនួន ១១រូប មកពីក្រសួង-ស្ថាប័ន ចំនួន ៧ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ នឹងវិស័យល្បែងពាណិជ្ជកម្មដោយផ្ទាល់ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ជាក់ស្តែងនៅព្រឹកនេះដោយយោងតាមដីកាសម្រេចប្រគល់វត្ថុតាងចាប់យករបស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចប្រគល់វត្ថុតាងមួយចំនួន ជាឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស គឺត្រូវបំផ្លាញចោល ដូចនេះពិធីកម្ទេចឧបករណ៍ល្បែងខុសច្បាប់នាពេលនេះ គឺដើម្បីអនុវត្តអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្របតាមដីកាសម្រេចខាងលើនេះ ដែលមានសម្ភារ និងឧបករណ៍ល្បែងខុសច្បាប់ ត្រូវបានកម្ទេចចោល រួមមាន៖ ម៉ាស៊ីនល្បែង ចំនួន ២៦គ្រឿងជើងកាមេរ៉ា ចំនួន ៣គ្រឿង និងក្បាល DVR ចំនួន ៨គ្រឿង៕