(ភ្នំពេញ)៖ លោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានបញ្ជាក់ជំហរយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសនឹងបញ្ជូនវេជ្ជបណ្ឌិតជំនាញ ព្យាបាលជំងឺមហារីក ទឹកនោមផ្អែម និងជំនាញផ្សេងទៀត មកជួយបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យនៅកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាទីស្ដីការក្រសួង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ។
លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងបន្ដថា សាធារណរដ្ឋគុយបានឹងបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈាន់ដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការធ្វើទស្សនកិច្ចសិក្សារបស់ប្រតិភូនៃក្រសួងសុខភាពសាធារណៈ ក្នុងគោលបំណងសិក្សាស្វែងយល់និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើប្រព័ន្ធគាំពារសុខភាពបឋម ក្នុងប្រទេសកម្ពុជា និងការទទួលវេជ្ជបណ្ឌិតកម្ពុជា១០រូប ទៅសិក្សាជំនាញព្យាបាលជំងឺមហារីកបន្ថែម នៅសាធារណៈរដ្ឋគុយបា ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងសាធារណៈរដ្ឋគុយបា។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអបអរសាទរ លោកស្រីក្នុងឱកាសដែលលោកស្រី ទទួលបានទំនុកទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា ចាប់ពីខែឧសភា ឆ្នាំ២០២៤ កន្លងមក។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងសេចក្តីសោមន្សរីករាយក្នុងការចូលរួមមហាសន្និបាតសុខភាពប្រចាំឆ្នាំ ដែលគ្រោងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ នៅសាធារណៈរដ្ឋគុយបា តបតាមការអញ្ជើញរបស់ក្រសួងសុខភាពសាធារណៈ នៃសាធារណៈរដ្ឋគុយបា។
ជាងនេះទៅទៀតលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសសើរ និងស្នើសាធារណរដ្ឋគុយបា បន្តពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល និងដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតបលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតនូវពេលវេលាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ទន្ទឹមនឹងនោះផងដែរ ភាគីទាំងពីរបានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ លើការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ជំរុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន និងជំរុញការនាំយកឱសថព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែម និងវិសាលភាពកិច្ចសហប្រតិបត្តិការផ្សេងៗបន្ថែម ក្រោមការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃសាធារណៈរដ្ឋគុយបា ចាប់ពីឆ្នាំ២០២២៕