(ភ្នំពេញ)៖​ ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ចំនួន​៤នាក់ ដែលបានរងគ្រោះនៅប្រទេស ម៉ាឡេស៊ី ពេលពួកគេទៅធ្វើការ ហើយពេលនេះពួកគេក៏ត្រូវបានបញ្ជូន ត្រឡប់មកដល់ប្រទេសកម្ពុជាផងដែរ។

ពលការិនីទាំង៤នោះរួមមាន ៖

ទី១- ពលការិនី ម.ព អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ​បានទៅ​ដល់​ម៉ាឡេស៊ី ក្នុងខែមីនា ឆ្នាំ២០១៦ និងធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេកនាងបានរត់ចេញពីផ្ទះថៅកែ នៅចុងខែ​សីហា ឆ្នាំ២០១៦ ហើយត្រូវបានអង្គការ Tenaganita នៅម៉ាឡេស៊ី ឲ្យស្នាក់នៅក្នុង​អង្គការ​បណ្តោះ​​អាសន្ន។ អង្គការ Tenaganita បានស្នើសុំអង្គការចាប់ដៃ ឲ្យជួយផ្តល់សំបុត្រយន្តហោះ និងចេញ​ថ្លៃ​បង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍។ នៅថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០១៦ អង្គការ Tenaganita និង​អង្គការ​ចាប់ដៃ​បាននាំពលការិនី ម.ព​ មកប្រគល់ជូនស្ថាន​ទូត។​ ស្ថានទូត​បាន​ផ្តល់ការស្នាក់នៅ អាហារ​បរិភោគ និងនាំ​នាង​​ទៅ​បង់ពិន័យនៅ​ការិយាល័យ​អន្តោ​ប្រវេសន៍​​ម៉ាឡេស៊ី ព្រមទាំងជូននាងទៅព្រលាន​យន្តហោះ។ ពលការិនីខាងលើ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១៦ វេលាម៉ោង១៥៖៥៥នាទី តាមជើងយន្តហោះ​លេខ AK 534 ​។

ទី២២- ពលការិនី ក.ស.អ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានទៅធ្វើការងារ ជាអ្នកបោសំអាត តាមរយៈក្រុមហ៊ុន Century ក្នុងខែធ្នូ ឆ្នាំ២០១៤។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ និងជួយឲ្យបាន ត្រឡប់ទៅ​កម្ពុជាវិញ។​ ក្រោមកិច្ច​អន្តរាគមន៍​​របស់ស្ថានទូត នាងទទួលបានលិខិត​ឆ្លងដែនវិញ  និងប្រាក់ខែដែលនៅសល់ចំនួន ៨៤២៦ រីងហ្គីត។ ដោយ​នាងឈប់ពីការងារមុនកិច្ចសន្យាបញ្ចប់ ហេតុនេះ ពលការិនី ក.ស.អ ត្រូវទិញសំបុត្រ​យន្តហោះ​ខ្លួនឯង។ ពលការិនី ក.ស.អ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៦ វេលាម៉ោង០៧៖៣៥នាទីព្រឹកតាមជើងយន្តហោះ​ លេខ AK 536​។

ទី៣- ពលការិនី ប.ឡ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានទៅដល់ម៉ាឡេស៊ី ក្នុង ខែមីនា ឆ្នាំ២០១៣ តាមរយៈក្រុមហ៊ុន Semi-power ហើយធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការ​លំបាក​ពេក នាងបានស្នើសុំស្ថានទូត ជួយអោយបានត្រឡប់មក កម្ពុជាវិញ។ នាងបានទិញសំបុត្រ​យន្តហោះ​ដោយខ្លួនឯង។

៤-​ ពលការិនី ជ.ហ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានទៅដល់ម៉ាឡេស៊ីក្នុង ខែកក្កដា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន នៅកម្ពុជា (មិនចាំឈ្មោះ) និងក្រុមហ៊ុន Semewaji Services នៅម៉ាឡេស៊ី ហើយធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការ​លំបាក​ពេក នាងបានស្នើសុំស្ថានទូត ជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ដោយពុំអាចរង់ចាំថៅកែមកដោះស្រាយបាន​ នាងបានទិញសំបុត្រ​យន្តហោះ​ដោយខ្លួនឯង។ ពលការិនីទាំងពីរ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៦ វេលាម៉ោង ១៥៖៥៥នាទី តាមជើងយន្តហោះ ​លេខ AK 543 ​។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖