(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញនីតិវិធីចំនួន ៦ចំណុចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការទៅធ្វើការងារនៅប្រទេសថៃ ដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ពេញលេញពីនិយោជក។
នៅក្នុងឱកាសនេះដែរ លោក កត្តា អ៊ន រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នីតិវិធីទាំង ៦មានដូចជា៖
*ទី១៖ សម្រាប់ការចុះឈ្មោះស្វែងរកការងារធ្វើ៖ បេក្ខជនត្រូវមានអាយុចាប់ពី១៨ ឆ្នាំឡើង, មានប្រវត្តិរូបសង្ខេប,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, រូបថត (ផ្ទៃស)។
*ទី២៖ សម្រាប់ការសម្ភាស និងចុះកិច្ចសន្យាការងារ៖ បេក្ខជនត្រូវសម្ភាសជាមួយទីភ្នាក់ងារជ្រើសរើសឯកជន, ត្រូវធ្វើកិច្ចសន្យាសេវារកការងារឱ្យធ្វើជាមួយទីភ្នាក់ងារជ្រើសរើស ឯកជន, បេក្ខជននឹងទទួលបានការណែនាំអំពីកិច្ចសន្យាការងារស្តង់ដារវាងពលករ និងនិយោជកថៃពីទីភ្នាក់ងារជ្រើសរើសឯកជន។
*ទី៣៖ មុនចេញដំណើរ៖ បេក្ខជនត្រូវចុះបញ្ជិការកិច្ចសន្យាសេវារកការងារឱ្យធ្វើនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ត្រូវមានកិច្ចសន្យាការងារជាមួយនិយោជកថៃ, មានប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC), មានលិខិតឆ្លងដែន (Passport) ឬលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD), មានលិខិតអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងពលកម្មបរទេស (Demand Letter) ចេញដោយក្រសួងការងារថៃ, មានបញ្ជីឈ្មោះពលករកម្ពុជា (Cambodian Name List) ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ត្រូវរៀបចំបណ្ណអនុញ្ញាតការងារ (Work Permit), ត្រូវមានទិដ្ឋាការងារចេញដោយស្ថានទូតថៃប្រចាំកម្ពុជា, បេក្ខជនទទួលបានការណែនាំតម្រង់ទិសមុនចេញដំណើរ។
*ទី៤៖ មុនពេលបំពេញការងារ៖ បេក្ខជនទទួលបានការណែនាំតម្រង់ទិសមុនចូលធ្វើការពេលទៅដល់ប្រទេសថៃ ដោយរាជរដ្ឋាភិបាលថៃ នៅមជ្ឈមណ្ឌលណែនាំតម្រង់ទិស ក្រោយពេលទៅដល់ និងសមាហរណកម្ម ដើម្បីយល់ដឹងអំពីលក្ខខណ្ឌការងារ ទំនៀមទម្លាប់រស់នៅ និងការស្វែងរកការអន្តរាគមន៍ពេលមានបញ្ហា, ពិនិត្យសុខភាពពេលទៅដល់ប្រទេសថៃ, មានធានារ៉ាប់រងការងារ, មានបណ្ណអនុញ្ញាតការងារ (Work Permit), ចូលធ្វើការស្របតាមកិច្ចសន្យាការងារ។
*ទី៥៖ អំឡុងពេលបំពេញការងារ៖ ពលករត្រូវអនុវត្តទៅតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌការងារជាមួយនិយោជកថៃ ដូចបានកំណត់ក្នុង «កិច្ចសន្យាការងារ»។
*ទី៦៖ ការធ្វើមាតុភូមិនិវត្តន៍៖ និយោជកត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានមុនពេលពលករវិលត្រលប់មកប្រទេសកម្ពុជាវិញ, និយោជកត្រូវចេញលិខិតបញ្ជាក់ការងារ ជូនពលករ, ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវធ្វើរបាយការណ៍អំពីការវិលត្រលប់របស់ពលករមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ពលករត្រូវស្នើសុំទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ។
បន្ថែមពីនីតិវិធីនេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ដំណើរការឯកសារមានរយៈពេល៤១ថ្ងៃ សម្រាប់ពលករប្រើប្រាស់លិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស(TD) និងរយៈពេល ៥៤ថ្ងៃ សម្រាប់ពលករប្រើប្រាស់លិខិតឆ្លងដែន (Passport)។ ករណីបេក្ខជន ឬពលករមានចម្ងល់ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ ១២៨៦ និងប្រព័ន្ធទូរសព្ទរបស់អនុព័ន្ធការងារអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃតាមរយៈលេខ +៦៦(០) ៩៤០៩២៥៩០៥,+៦៦ (០) ៩៤៤១៦៥៥១៨។
គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ មានចំនួន ជាង ១,២លាននាក់ (ស្រីជាង ៥០ម៉ឺននាក់)។ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ បងប្អូនពលករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់នៃប្រទេសទទួលនីមួយៗ។ ជារៀងរាល់ឆ្នាំ ពលករធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្រុមគ្រួសារជាមធ្យមមានចំនួនសរុបប្រមាណជាង ២,៩ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ ដែលទាំងនេះមិនត្រឹមតែជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងច្រើន ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕