(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ បានបង្ហាញឱ្យដឹងអំពី លក្ខណៈពិសេសនៃ Hot News ជាពិសេសវិធីសាស្រ្ត នៃការសរសេរអត្ថបទ Hot News ឱ្យកាន់តែមានភាពទាក់ទាញ និងមានអ្នកអានកាន់តែជក់ចិត្ដ។
លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «Hot News ឬ ដំណឹងក្ដៅ គឺជាដំណឹងមួយដែលមានការនិយមប្រើជាទូទៅ នៅពេលដែលមានរឿងអ្វីដែលកើតឡើង ជាដំណឹងមួយដែលយើងតែងតែធ្វើរាល់ដង ហើយសរសេរប្រមាណជាង ២០០ពាក្យ ទៅ៣០០ពាក្យប៉ុណ្ណោះ»។
លោក ម៉ារ យ៉ារិទ្ធិ បានបន្ដថា៖ «ដើម្បីសរសេរ Hot News ដែលធ្វើឱ្យមានការចាប់អារម្មណ៍ យើងត្រូវឆ្លើយទៅនឹងសំណួរថា តើមានរឿងអ្វីកើតឡើង ហើយយើងត្រូវឆ្លើយទៅនឹងសំណួរនោះ។ អញ្ចឹងតម្លៃដែលប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងសំណួរ គឺត្រូវប្រើប្រាស់ទៅនឹងតម្លៃចំនួន២ រួមមាន៖ មានរឿងអ្វីកើតឡើង? ឬ ក៏នរណាបានធ្វើអ្វី? ទើបធ្វើទៅមានការទាក់ទាញ បើយើងធ្វើខុសពីតម្លៃហ្នឹង ក៏វាទៅបានដែរ ក៏ប៉ុន្ដែវាមិនមានការទាក់ទាញនោះទេ»។
លោក ម៉ារ យ៉ារិទ្ធិ បានបន្ថែមថា ការចាប់ផ្ដើមសរសេរដំណឹងក្ដៅ ត្រូវមានសេចក្ដីផ្ដើម តួសេចក្ដី និងសេចក្ដីបញ្ចប់ គឺត្រូវប្រើប្រាស់តម្លៃមួយ ឬ ពីរ នៅក្នុង 5W's គឺប្រើវាមួយ ឬ ពីរ តាមធម្មតានៅក្នុងព័ត៌មានសរសេរនេះ គឺប្រើតម្លៃមួយតែម្ដងយកតម្លៃ What ឬ Who ទៅភ្ជាប់ជាមួយរឿងអ្វីមួយទៀត។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាការពន្យល់លម្អិតពីលោក ម៉ារ យ៉ារិទ្ធិ ដូចតទៅ៖