(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា តាមរយៈការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពព័ត៌មាន ជូនដល់សាធារណៈជន ហើយទប់ស្កាត់ ប្រឆាំងព័ត៌មានក្លែងក្លាយ និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន។
ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណ៦០នាក់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន រួមជាមួយសមាគមសារព័ត៌មាននានាតែងតែបានធ្វើការបើកវគ្គបណ្តុះបណ្តាលជាច្រើនរួចមកហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ការពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានរួមទាំងអ្នកពាក់ព័ន្ធ ប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុតសម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្នុងនោះគុណភាពព័ត៌មានត្រូវតែយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបណ្តុះបណ្តាលក្នុងគោលបំណង ដើម្បីជួយពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានក្នុងការសរសេរព័ត៌មានឱ្យបានកាន់តែល្អ ទាក់ទាញ និងស្របតាម វិជ្ជាជីវៈត្រឹមត្រូ។
បើតាមលោក ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាល និងវិក្រឹត្យការ បានជម្រាបជូនថា វគ្គបណ្តុះបណ្តាល ស្តីពីការសរសេរព័ត៌មានទាន់ហេតុការណ៍ ធ្វើឡើងរយៈពេល ៣ព្រឹក ដោយផ្តោតលើប្រធានបទ ដំណឹង និងព័ត៌មាន ការចាប់មុំសរសេរព័ត៌មាន សំណេរវិជ្ជាជីវៈ និងសំណេរអក្សរសិល្ប៍ រួមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត ដែលមានការតម្រង់ទិសដោយផ្ទាល់ពីគ្រូឧទ្ទេសនាម ជាថ្នាក់ដឹកនាំរបស់ក្រសួងព័ត៌មាន។
លោករដ្ឋលេខាធិការ បានលើកឡើងថា បន្ទាប់ពីបើកដំណើរមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មានឡើងវិញមក ការចាប់អារម្មណ៍ក្នុងការចូលរៀនវគ្គបណ្តុះបណ្តាលដែល ក្រសួងព័ត៌មានបានរៀបចំ គឺមានចំនួនកាន់តែច្រើនទៅៗ ជាពិសេសមានការចូលរួមចែករំលែក និងតម្រង់ទិសដោយផ្ទាល់ពីពីលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ដែលតែងតែជារង្វាន់ដ៏សំខាន់សម្រាប់សិក្ខាកាមក្នុងការយល់ដឹងផងដែរ។
ដោយទទួលបានការគាំទ្រច្រើនពីអ្នកសារព័ត៌មាន នៅពេលបន្តបន្ទាប់ទៅទៀត ក្រសួងព័ត៌មាន នឹងបើកវគ្គបណ្តុះ បណ្តាលទាក់ទងទៅនឹងជំនាញផ្សេងៗទៀតជាច្រើនដើម្បីបំពេញ និងផ្តល់នូវចំណេះ ជំនាញ និងវិជ្ជាជីវៈដល់បងប្អូនអ្នកសារព័ត៌មាននៅក្នុងវិស័យសារព័ត៌មាន ដើម្បីនៅបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត៕