(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន។
ពិធីចុះហត្ថលេខានេះ ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតីពីលោក អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្នជាប្រធានសមាគមជប៉ុន-កម្ពុជាថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា សាស្ត្រាចារ្យ និងនិស្សិតនៅ AUPP។
កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ AUPP ឲ្យរៀនបន្ថែមភាសាជប៉ុន និងការអនុវត្តជំនាញឌីជីថលជាក់ស្តែង នៅជប៉ុន ហើយនៅពេលបញ្ចប់ ការសិក្សា គឺនិស្សិតអាចទៅធ្វើការនៅប្រទេសជប៉ុន ដោយទទួលបានប្រាក់បៀវត្សខ្ពស់ និងបទពិសោធល្អ ស្របពេលដែលជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថល ប្រមាណ៧០ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។
នៅក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា ក្នុងជំហានដំបូងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយជំរុញ និងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឲ្យកម្មវិធីនេះ អាចដំណើរការទៅបានដោយជោគជ័យ និងមានភាពរលូន រួមចំណែកបង្កើនមូលធនមនុស្សឌីជីថលកម្ពុជា និងលើកកម្ពស់ សេដ្ឋកិច្ចជាតិ។
សម្រាប់ឆ្នាំទី១ កម្មវិធីនឹងជ្រើសរើសបេក្ខភាពចេញពីនិស្សិតដែលកំពុងសិក្សានៅ AUPP ហើយនៅឆ្នាំបន្តបន្ទាប់ នឹងពង្រីកវិសាលភាពទៅដល់គ្រឹះស្ថានឧត្តមសិក្សា ៥ បន្ថែមទៀត។
ឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលជាផ្លែផ្កានេះ និងគាំទ្រចំពោះការរៀបចំកម្មវិធីដ៏មានសារៈសំខាន់មួយនេះ៕