(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងកោតសរសើរកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំប្រកប ដោយការទទួលខុសត្រូវខ្ពស់ ការពារបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមបានល្អ ក្រោមចេតនាញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ពីក្រុមប្រឆាំងមួយក្តាប់តូច កាលពីពេលថ្មីៗកន្លងទៅនេះ។
ការថ្លែងរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមគោរពទង់ជាតិ និងជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទាំងយប់ ទាំងថ្ងៃ ការពារបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមបានល្អ ពិសេសការពារបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត មិនឱ្យក្រុមប្រឆាំងមួយក្តាប់តូច ធ្វើការញុះញង់បំផុសបំផុល ដោយចេតនាផ្តួលរំលំបានងាយៗនោះទេ។
លោកអភិបាលខេត្តព្រះវិហារ ថ្លែងលើកឡើងប្រាប់មន្ត្រីនគរបាល និងពលនគរបាលខេត្តទាំងអស់ពីចេតនារបស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលបានយកករណីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម CLV-DTA របស់រាជរដ្ឋាភិបាលយើង មកធ្វើជាប្រធានបទដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលទៅវិញ លោកបញ្ជាក់ថានេះមិនមែនក្នុងន័យបញ្ចេញមិតិយោបល់ក្នុងន័យស្ថាបនា ដែលជាសិទ្ធរបស់ពលរដ្ឋស្របតាមច្បាប់នោះទេ តែជាការប្រឆាំងទាំងទទឹងទិស។
លោក គីម រិទ្ធី ក៏បានថ្លែងលើកឡើងពីសភាពការណ៍ប៉ុន្មានថ្ងៃមុននេះ ដែលក្រុមប្រឆាំងមួយក្តាប់ធ្វើការញុះញង់ បំផុសបំផុល ក្នុងចេតនាផ្តួលរំលំមិនបានសម្រេចនោះ លោកក៏បានមើលឃើញពីការប្តេជាចិត្តខ្ពស់របស់កងកម្លាំង ប្រដាប់អាវុធ របស់យើង ក៏ដូចជាគណៈបញ្ជាការឯកភាព ក្នុងការការពារបាននូវសុខសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រសូត្រចេញពីការបោះឆ្នោត និងចូលរួមអនុវត្តគោលនយោបាយនានារបស់ រាជរដ្ឋាភិបាលបានយ៉ាងល្អ។
លោកបានអំពាវនាវដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររបស់យើងទាំងអស់ ក៏ដូចជាមហាជនទូទាំងខេត្ត សូមចូលរួមបរិច្ចាកថវិកាតាមលទ្ធភាពដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន»ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីឱ្យតំបន់ព្រំដែនរបស់យើង ក្លាយជាព្រំដែនអភិវឌ្ឍ ព្រំដែនសន្តិភាព និងមិត្តភាព៕