(កំពត)៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងដែនដី អាជ្ញាធរខេត្តកំពត និងសហការជាមួយមន្ទីរជំនាញ អាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋក្នុងខេត្តឱ្យបានអស់ក្នុងឆ្នាំ២០២៥ខាងមុខ។
ការពន្លឿនចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋនេះគឺផ្នែកទៅលើបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគូរយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពលរដ្ឋ។
ថ្លែងក្នុងពិធីចែកបណ្ណកម្មសិទ្ធជូនដល់ពលរដ្ឋក្នុងស្រុកឈូក និងស្រុកជុំគិរី ដែលមានចំនួន ៥,១៨៨បណ្ណ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នាសាលាស្រុកឈូក លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា គោលនយោបាយលើវិស័យដីធ្លីគឺជាកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិថ្មី គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្តេចនៅតែមានកិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់មកគណៈកម្មការសូរិយោដីខេត្ត គណៈកម្មការដីរដ្ឋ មន្ទីរជំនាញ ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបានបន្តថា ក្រោយពីបានពិគ្រោះដោយយកចិត្តទុកដាក់ជាមួយមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត និងអ្នកដែលពាក់ព័ន្ធគឺត្រូធ្វើយ៉ាងណាពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតឲ្យបានគ្រប់នៅក្នុងឆ្នាំ២០២៥ ដើម្បីឱ្យស្របទៅតាមបទបញ្ជាយ៉ាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលខេត្តបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូរជានិច្ចពីតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា សម្រាប់ការចែកបណ្ណជូនពលរដ្ឋក្នុងស្រុកឈូក និងស្រុកជុំគិរី នាពេលនេះ មានបណ្ណសរុបចំនួន៥,១៨៨បណ្ណ ក្នុងនោះ ស្រុកឈូក មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤៥ភូមិ មានអំណោយអំពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបចំនួន ៣,៦៨២បណ្ណ។ ស្រុកជុំគិរី មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៣០ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបចំនួន ១,៥០៦បណ្ណ៕