(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានបន្តបើកវេទិកាដើម្បីពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញនិងលើកទឹកចិត្តសិក្ខាកាមទាំងអស់ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលជាប្រវត្តិសាស្រ្តនេះ ឱ្យបានផុសផុល ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា៕