(ភ្នំពេញ)៖ ដើម្បីបង្ហាញនូវកម្លាំងរួបរួមសាមគ្គីជាតិខ្មែរ និងការថែរក្សាសុខសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់លោក លោកស្រី ជាមន្ត្រីក្រោមឱវាទក្រសួងមេត្តាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឱ្យបានគ្រប់ៗគ្នា សំដៅជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដល់ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីជា ប្រធាននាយកដ្ឋាន អង្គភាព មន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ មេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការបង្កើតឡើងនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម ព្រំដែន” ក្នុងគោលបំណងផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបរិច្ចាគថវិកាសម្រាប់យកមកកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅ តាមបណ្តោយព្រំដែនរបស់កម្ពុជា។
ដើម្បីបង្ហាញនូវកម្លាំងរួបរួមសាមគ្គីជាតិខ្មែរ និងការថែរក្សាសុខសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់លោក លោកស្រី ជាមន្ត្រីក្រោមឱវាទក្រសួងមេត្តាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ឱ្យបានគ្រប់ៗគ្នា សំដៅជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព។
សូមចូលរួមបរិច្ចាគថវិកា តាមរយៈលេខគណនីធនាគារ ឬ QR Code ដូចមានជូនភ្ជាប់មកជាមួយនិងសូមផ្តល់ព័ត៌មានអំពីការចូលរួមបរិច្ចាគថវិកា (Transaction) មក អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីបូកសរុប និងគោរពរាយការណ៍ជូនលោករដ្ឋមន្ត្រី និងតំណាងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ជ្រាបជាព័ត៌មាន៕