(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរឃុំកំពង់ចិនជើង ត្រូវធ្វើផែនការវិនិយោគ និងសមិទ្ធផលនានាដោយផ្ដោតលើគុណភាពជាងបរិមាណហើយឈរលើចក្ខុវិស័យវែងឆ្ងាយ។
លោក សាយ គឹមឡម បានថ្លែងក្នុងពេលអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវគ្រួសក្រហម ស្ថិតនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាថវិកាមូលនិធិឃុំ ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោកអភិបាលស្រុកក៏បានណែនាំដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ជំនាញបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានពិនិត្យរាល់សកម្មភាពសាងសង់ផ្លូវនេះដើម្បីគុណប្រយោជន៍រួមទាំងអស់គ្នាជាពិសេសទទួលបាននូវផ្លូវគ្រួសក្រហមតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា និងគុណភាព ហើយប្រើប្រាស់បានយូរអង្វែង។
លោក សាយ គឹមឡម បានណែនាំដល់រដ្ឋាករទឹកស្ទោងនិងរដ្ឋបាលឃុំកំពង់ចិនជើង ត្រូវសហការគ្នាក្នុងការតបណ្ដាញប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាតនៅតាមបណ្ដោយផ្លូវនេះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីបញ្ចៀសនូវការដាច់ធ្លាយ ដែលបណ្តាលឱ្យមានការខូចខាតផ្លូវជាយថាហេតុ។
ជាមួយនេះផងដែរ ពុកម៉ែ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះមានការសប្បាយរីករាយក្រៃលេងដែលទទួលបាននូវផ្លូវថ្មីដ៏ធំទូលាយដែលបង្កលក្ខណៈឱ្យមានការងាយស្រួល និងធ្វើដំណើរក្នុងការដឹកទំនិញនិងកសិផលជាពិសេសកូនចៅទៅសាលារៀនបានដោយសុវត្ថិភាព ឆាប់រហ័ស និងងាយស្រួលជាងមុន។
សូមបញ្ជាក់ថា ផ្លូវដែលកំពុងសាងសង់នេះមានប្រវែង ១,១០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ដីស ០,៣ម៉ែត្រ គ្រួសក្រហម កម្រាស់០.១៥ម៉ែត្រ លូ២កន្លែង និងស្ថិតនៅក្នុងដំណាក់កាលចាក់ដីស៕