(ប៉ៃលិន)៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សាផ្ទាល់ គណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បាននិមន្តសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្តប៉ៃលិន។
ក្នុងពិធីនេះមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងព្រះចៅអធិការវត្តទូទាំងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក សារ៉ាយ ឆុន រដ្ឋលេខាធិការ តំណាង លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក ជាចាន់ ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ គណៈកម្មការ អាចារ្យវត្តទូទាំងខេត្តប៉ៃលិន ផងដែរ។
លោក សារ៉ាយ ឆុន បានលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំ ក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌ នៃការយោគយល់គ្នាក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជារបស់យើងនៅគ្រប់សកម្មភាពសង្គម ពុទ្ធសាសនិក ទាំងអស់នៅតែបន្តការពារនិងគោរពលើកស្ទួយព្រះពុទ្ធសាសនាជានិច្ច ធ្វើយ៉ាងណាឲ្យកម្លាំងដ៏មានឥទ្ធិពលនៃពុទ្ធសាសនាបន្តស្ថិតនៅជ្រៅក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរនិងស្ថិតស្ថេរគង់វង្សជាដរាបតទៅ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា អ្នកបួសត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យទៅតាមសមគួរដល់ធម៌វិន័យហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់គ្រប់រូប សូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រដល់ ភិក្ខុ សាមណេរឲ្យបានតឹងរឹង នឹងត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលដើម្បីហាមឃាត់អំពើរអបាយមុខផ្សេងៗ ដើម្បីជួយជាតិដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត។
សម្តេចបញ្ជាក់បន្ថែមទៀតថា ព្រះសង្ឃត្រូវយល់ច្បាប់វិន័យ ចេះគោរពអ្នកបួសមុន វស្សាចាស់ជាង ឬព្រះឧបជ្ឈាយ៍ ត្រូវចេះនាំគ្នា យកវត្តប្រណិបតន៍ សុំឱវាទ នោះទើបយើងស្គាល់គ្នា និងក្រែងព្រះវិន័យ ច្បាប់ទម្លាប់បវរណីសង្ឃយើងបានខ្លះ ចំពោះព្រះមន្ត្រីសង្ឃបើមានតួនាទីហើយត្រូវធ្វើការ ព្រះមេគណនិមន្តមកប្រជុំត្រូវតែមកប្រជុំ ប្រជុំហើយត្រូវចេះផ្សព្វផ្សាយ ដល់អ្នកដែលនៅក្រោមឱវាទរបស់ខ្លួនបន្ត បើមិនមកប្រជុំបី ទៅបួនដង ដោយគ្មានមូលហេតុគ្រប់គ្រាន់ទេ យើងអាចស្នើសុំដកចេញបាន ដោយប្រាប់មូលហេតុទៅសម្តេចសង្ឃនាយក កុំឱ្យបុគ្គលនោះ នៅទទឹងផ្លូវ ស្ទះការងារ (សម្តេចប្រាប់ទៅមេគណ) ហើយអនុគណខ្លះ ចៅអធិការខ្លះ មិនយកចិត្តទុកដាក់ការប្រជុំតែម្តង ឱ្យតែអ្នកជំនួសព្រះសង្ឃក្មេងមកប្រជុំ មិនហ៊ាន សម្រេច មិនបានសាច់ការអ្វីទេ នោះហើយគឺជាការប្រឈមការគ្រប់គ្រងរបស់យើង គួរតែកែប្រែគ្រប់ៗព្រះអង្គ។
បើតាមតាមរបាយការណ៍របស់ ព្រះវិជ្ជារតនញាណ ក្តៀង សារ៉ាត ព្រះបាឡាត់គណខេត្តប៉ៃលិន បច្ចុប្បន្ននេះខេត្តប៉ៃលិន វត្តគណៈមហានិកាយសរុប ចំនួន២៨ និងមណ្ឌលវិបស្សនាធុរៈចំនួន១កន្លែង ដែលមានព្រះសង្ឃសរុប ចំនួន ៣៧៦ អង្គ ក្នុងនោះភិក្ខុមានចំនួន ១០៧ អង្គ សាមណេរមានចំនួន ២៦៩ អង្គ៕