(កោះកុង)៖ អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក ហាក់ ឡេង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះថា ខាងភាគីខេត្តត្រាត ប្រទេសថៃ បានដោះលែងទូកនេសាទទាំង១១គ្រឿង និងប្រជានេសាទខ្មែរចំនួន៥២នាក់ ត្រឡប់មកវិញហើយ នៅវេលាម៉ោង១២យប់មិញ ក្រោយធ្វើការឃាត់ទុក ដោយចោទថា បាននេសាទរំលោភចូលដែនទឹករបស់ពួកគេ។

លោកអភិបាលស្រុកបានបន្តថា ទូកនេសាទទាំង១១គ្រឿងនេះ គឺ៩ទូកជារបស់ប្រជានេសាទនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា និង២ទូកទៀតនៅក្រុងខេមរភូមិន្ទ។

លោក ហាក់ ឡេង បានបញ្ជាក់ថា «ពួកគេទាំង៥២នាក់ និងទូកនេសាទ១១គ្រឿង ត្រូវបានអាជ្ញាធរថៃដោះលែងមកវិញហើយ នៅយប់មិញ ក្រោយមានកិច្ចជួយអន្តរាគមន៍ពីអភិបាលខេត្ត»

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកញ្ញា ទូកនេសាទចំនួន១១គ្រឿង និងប្រជានេសាទជាជនជាតិខ្មែរជាច្រើននាក់ ត្រូវបានអាជ្ញាធរខេត្តត្រាត ចាប់ឃាត់ទុក ដោយចោទប្រកាន់ថា ប្រជានេសាទទាំងនេះ បានទៅនេសាទចូលដែនទឹកសមុទ្ររបស់ភាគីថៃ។

ក្រោយមានករណីនេះកើតឡើង អភិបាលខេត្តកោះកុង លោក ប៊ុន លើត និងអភិបាលស្រុកមណ្ឌលសីមា បានចុះទៅដោះស្រាយជាមួយអាជ្ញាធរខេត្តត្រាតហើយ រហូតមានការដោះលែងមកវិញ​ នៅយប់មិញនេះ៕