(ភ្នំពេញ)៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ១,៣១៥កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្រុមហ៊ុនទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ផ្សារទំនើប ម៉ាក្រូ, ផ្សារទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេលីហ្គេន ហ្វាម៉ិន ឯ.ក, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និងក្រុមហ៊ុន TRUMP។
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថាវេទិកាការងារ និងកម្មសិក្សាការងារ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការនាំយកឱកាសការងារជូនដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ។ លោកស្រីបន្ថែមថា ចំណុចពិសេស គឺអ្នកចូលរួមស្វែងរកការងារអាចដាក់ CV របស់ពួកគាត់តាមក្រុមហ៊ុនដែលគាត់ស្រឡាញ់ ព្រោះមានក្រុមហ៊ុនច្រើននឹងចូលរួមក្នុងវេទិកាការងារដែលរៀបចំឡើងដោយ NEA នេះ។
លោកស្រី ធីតា បានបញ្ជាក់បន្ថែមថា ផ្សារទំនើប ម៉ាក្រូ មានឱកាសការងារជាច្រើនសម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារនាថ្ងៃទី២៩ ខាងមុខនេះ និងអំពាវនាវឲ្យយុវជនត្រៀម CV ចូលរួមដាក់ពាក្យឲ្យបានច្រើន។ លោកស្រីធីតា ក៏បានថ្លែងអំណរគុណចំពោះ NEA ដែលតែងតែរកគ្រប់វិធីសាស្ត្រល្អៗ ក្នុងការបង្កើតកម្មវិធីវេទិកាការងារនេះឡើង ដើម្បីសម្រួលដល់ការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន។
ជាមួយគ្នានេះដែរ តំណាងផ្សារម៉ាក្រូរូបនេះ បានសង្ឃឹមយ៉ាងមុតមាំថា ម៉ាក្រូ នឹងក្លាយជាដៃគួរសហការយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយគ្នា ក្នុងទិសដៅយូរអង្វែងដើម្បីផ្តល់ឱកាសការងារកាន់តែទូលំទូលាយដល់យុវជនកម្ពុជា។
យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕